(ក្រុងឡុងដ៍)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃពុធសប្តាហ៍នេះបានកាត់បន្ថយការព្យាកររបស់ខ្លួនអំពីកំណើនតម្រូវការប្រេងនៅឆ្នាំ២០២៤ ដោយនាំឱ្យមានការខ្វែងគំនិតគ្នាបន្ថែមទៀតរវាងទីភ្នាក់ងារនេះ និងអង្គការប្រទេសនាំចេញប្រេង OPEC ទាក់ទងនឹងចក្ខុវិស័យតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អង្គការឃ្លាំមើលថាមពលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ បានទម្លាក់ចក្ខុវិស័យអំពីកំណើនថាមពលរបស់ខ្លួនសម្រាប់ឆ្នាំនេះចំនួន ១៤០ ០០០បារ៉ែលក្នុងមួយថ្ងៃ (bpd) នៅត្រឹមចំនួន ១,១លានបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនដោយសារការធ្លាក់ចុះតម្រូវការប្រេង នៅក្នុងប្រទេសអភិវឌ្ឍន៍ដែលជាសមាជិករបស់អង្គការ OECD។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទន្ទឹមនឹងនេះដែរ អង្គការប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃអង្គារបានរក្សាការព្យាកររបស់ខ្លួនថា តម្រូវការប្រេងឆៅពិភពលោកនឹងកើនឡើងចំនួន ២,២៥លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៅឆ្នាំ២០២៤។

ភាពខុសគ្នាដ៏ច្រើននៃការរព្យាករណ៍ទាំងពីរនេះមួយផ្នែក ដោយសារទស្សនៈផ្សេងគ្នាទាក់ទងនឹងល្បឿននៃការផ្លាស់ប្តូររបស់ពិភពលោក ទៅប្រើប្រាស់ឥន្ធនៈស្អាត។

យោងតាមរ៉យទ័រ ទីភ្នាក់ងារ IEA បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រេងប្រចាំខែរបស់ខ្លួនថា ការទម្លាក់ការព្យាករអំពីតម្រូវការប្រេងប្រចាំឆ្នាំ ២០២៤ របស់ខ្លួនគឺដោយសារតែសកម្មភាពឧស្សាហកម្មមិនល្អ និងការប្រើប្រាស់ប្រេងក្នុងរដូវរងាតិចតួច ជាពិសេសនៅអឺរ៉ុបជាទីដែលការធ្លាក់ចុះរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតកំពុងកាត់បន្ថយការប្រើប្រាស់ថាមពលរួចហើយ។

ទីភ្នាក់ងារ IEA បានឱ្យដឹងថា៖ «រួមផ្សំនឹងការធ្លាក់ចុះការចែកចាយប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ នេះគឺគ្រប់គ្រាន់ដើម្បីជំរុញឱ្យតម្រូវការប្រេងនៅក្នុងប្រទេសជាសមាជិករបស់អង្គការ OECD នៅក្នុងត្រីមាសទី១ ត្រលប់ទៅរកការធ្លាក់ចុះវិញ»