(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Pichai Chunhavajira បានឱ្យដឹងថា លោកគ្រោងនឹងជួបជាមួយទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnaruput នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដោយសង្ឃឹមថានឹងបន្ធូរបន្ថយការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលនិងធនាគារកណ្តាលជុំវិញអត្រាការប្រាក់។ នេះបើយោងកាសែតបាងកកប៉ុស្តិ៍។

អស់រយៈពេលជាច្រើនខែមកហើយដែលនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានជំរុញឱ្យមានការទម្លាក់អត្រាការប្រាក់ដោយនិយាយថា វានឹងជួយសេដ្ឋកិច្ច។ ធនាគារកណ្តាលថៃមិនបានឱនលំទោនចំពោះសម្ពាធនេះទេ ដោយរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅកម្រិតខ្ពស់ក្នុងរយៈពេលទសវត្សរ៍ ២,៥% ។ ការវាយតម្លៃអត្រាការប្រាក់បន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា។

ចាប់តាំងពីទទួលបានការតែងតាំងជារដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីខែមុន លោក Pichai បាននិយាយសម្រាលចំពោះការខ្វែងគំនិតគ្នានេះ ដោយលើកឡើងថានឹងមិនមានការប៉ុនប៉ងផ្លាស់ប្តូរទេសាភិបាលធនាគារកណ្តាល ឬធ្វើឱ្យឯករាជ្យភាពរបស់ធនាគារកណ្តាលចុះខ្សោយទេ។

លោក Pichai ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា គោលបំណងចម្បងរបស់គាត់ក្នុងការពិភាក្សាជាមួយប្រធានធនាគារកណ្តាលគឺដើម្បីធានាថា ម៉ាស៊ីនសេដ្ឋកិច្ចទាំងពីរពោលគឺគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធកំពុងដំណើរការជាមួយគ្នា។

សង្គមសេដ្ឋកិច្ចថៃដែលជាស្ថាប័នមួយតំណាងឱ្យសេដ្ឋវិទូ ៣០០នាក់នាពេលថ្មីៗនេះបាននិយាយគាំទ្រដល់ឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុ។ ស្ថាប័ននេះបានឱ្យដឹងថា ការបន្តគោលនយោបាយរូបិយវត្ថុឯករាជ្យមានសារៈសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចព្រោះវាការពារមិនឱ្យមានការប្រើប្រាស់គោលនយោបាយរូបិយវត្ថុខុសសម្រាប់គោលដៅនយោបាយរយៈពេលខ្លី ខណៈពេលដែលរក្សាការត្រួតពិនិត្យមើលអតិផរណា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕