(ហ្សាការតា)៖ សេដ្ឋកិច្ចឥណ្ឌូណេស៊ី នៅក្នុងត្រីមាសទីមួយឆ្នាំនេះ កើនឡើងខ្ពស់ជាងការរំពឹងទុក ដែលជំរុញដោយការចំណាយសាធារណៈខ្ពស់ សម្រាប់ការបោះឆ្នោតសកល ប៉ុន្តែការរក្សាបាននូវល្បឿនដ៏រឹងមាំនេះនឹងមានការលំបាក ដោយសារការវិវត្តសកលលោក និងស្ថានភាពរូបិយវត្ថុក្នុងស្រុកដ៏តានតឹង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត របស់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ៥,១១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលបីត្រីមាស។ កំណើននេះខ្ពស់ជាងការព្យាករដែលថាមានត្រឹមតែ ៥ភាគរយ នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយរ៉យទ័រ និងខ្ពស់ជាងអត្រា ៥,០៤ភាគរយដែលសម្រេចបាននៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

នៅត្រីមាសទី១ ឆ្នាំនេះ ការចំណាយលើយុទ្ធនាការសម្រាប់ការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ និងការចំណាយគ្រួសារខ្ពស់ជាងមុន ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដនដែលបានចាប់ផ្តើមនៅក្នុងខែមីនា បានជំរុញសកម្មភាពសេដ្ឋកិច្ច។

កត្តានេះបានជួយប៉ះប៉ូវផលប៉ះពាល់ដល់ការធ្លាក់ចុះសេដ្ឋកិច្ច ដែលរងគ្រោះដោយសារការធ្លាក់ចុះការនាំចេញទំនិញ ក្នុងឆ្នាំកន្លងទៅ។ ប្រទេសឥណ្ឌូណេស៊ីដែលសម្បូរធនធានធម្មជាតិ គឺជាប្រទេសនាំចេញធ្យូងថ្មសម្រាប់កម្ដៅ ប្រេងដូង និងនីកែលធំបំផុតក្នុងពិភពលោក ក្នុងចំណោមទំនិញផ្សេងៗទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ សេដ្ឋវិទូមួយចំនួនបានឱ្យដឹងថា ការកើនឡើងការចំណាយសម្រាប់ការបោះឆ្នោត និងការចំណាយក្នុងខែរ៉ាម៉ាដនជាកត្តាកើតឡើងម្តងម្តាលប៉ុណ្ណោះ។ នៅថ្ងៃខាងមុខ អត្រាការប្រាក់ខ្ពស់ ក្នុងរយៈពេលយូររបស់សហរដ្ឋអាមេរិក ភាពតានតឹងនៅមជ្ឈិមបូព៌ាក៏ដូចជាវដ្តនៃការដំឡើងអត្រាការប្រាក់ផ្ទាល់ របស់ប្រទេសឥណ្ឌូណេស៊ី សរុប ២៧៥ពិន្ទុមូលដ្ឋាន (២,៧៥ភាគរយ) ចាប់ពីពាក់កណ្តាលឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៤ កំពុងធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យកំណើន។

លោក Gareth Leather សេដ្ឋវិទូមកពីក្រុមហ៊ុន Capital Economics ដែលព្យាករថា កំណើនសេដ្ឋកិច្ចរយៈពេលពេញមួយឆ្នាំ២០២៤ នឹងកើនឡើង ៤,៥ ភាគរយនោះបានសរសេរក្នុងកំណត់ត្រាមួយផ្ញើទៅកាន់អតិថិជនថា៖ «យើងគិតថា សេដ្ឋកិច្ចគ្រោងនឹងជួបការលំបាកក្នុងត្រីមាសខាងមុខ ដោយសារអត្រាការប្រាក់ខ្ពស់ ការធ្លាក់ចុះតម្លៃទំនិញ និងកំណើនសេដ្ឋកិច្ចពិភពលោក ដែលទាបជាងនិន្នាការ ប៉ះពាល់ដល់តម្រូវការ»