(ប៉េកាំង)៖ អាជ្ញាធរគយចិនបានឱ្យដឹងថា ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយសមាជិកក្រុមប្រទេស BRICS បានកើនឡើងដល់ ១,៤៩ពាន់ពាន់លានយន់ (ប្រហែល ២០៩,៧ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង ១១,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា រដ្ឋបាលទូទៅគយចិន (GAC) បានឱ្យដឹងថា តម្លៃពាណិជ្ជកម្មជាមួយក្រុមប្រទេស BRICS មានចំនួន ១៤,៧ភាគរយនៃតម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេស ក្នុងអំឡុងពេលដូចគ្នានេះ។

ក្នុងចំណោមសមាជិក BRICS ការនាំចេញរបស់ចិនទៅកាន់ប្រទេសប្រេស៊ីល និងការនាំចូលពីប្រទេសនេះ ក្នុងត្រីមាសទីមួយបានកើនឡើង ២៥,៧ភាគរយ និង ៣០,១ភាគរយរៀងគ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋបាល GAC បានឱ្យដឹងទៀតថា ពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី បានបន្តកើនឡើងក្នុងអំឡុងពេលដូចគ្នានេះ ជាមួយនឹងកំណើនផលិតផលពាណិជ្ជកម្មនានាដូចជា ថាមពល យានយន្ត គ្រឿងចក្រ និងឧបករណ៍ទូទៅ។ ពាណិជ្ជកម្មរវាងចិន និងឥណ្ឌាបានកើនឡើង ៨,៥ភាគរយនៅក្នុងត្រីមាសទី១ ដែលជាកំណើនរយៈពេល ៥ ត្រីមាសជាប់ៗគ្នា។

ទន្ទឹមនឹងនេះ ក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន នៅទ្វីបអាហ្រ្វិកសម្រាប់រយៈពេល ១៤ឆ្នាំជាប់ៗគ្នា អាហ្រ្វិកខាងត្បូងបានមើលឃើញកំណើនដ៏រឹងមាំ នៅក្នុងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន។ យោងតាមរដ្ឋបាល GAC ក្នុងអំឡុងត្រីមាសទីមួយឆ្នាំនេះ ការនាំចេញរបស់ចិនទៅកាន់អាហ្វ្រិកខាងត្បូង មានចំនួនសរុប ៣៥,១១ពាន់លានយន់ ខណៈដែលការនាំចូលពីប្រទេសអាហ្វ្រិកមានចំនួន ៦៦,៤៦ពាន់លានយន់។

ប្រទេសចិនបានរក្សាកិច្ចសហប្រតិបត្តិការល្អ ជាមួយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមក្នុងវិស័យពាណិជ្ជកម្មថាមពល។ ប្រទេសទាំងពីរស្ថិតក្នុងចំណោមប្រភពផលិតផលថាមពលកំពូលទាំង១០ ដែលនាំចេញទៅកាន់ប្រទេសចិនក្នុងត្រីមាសទីមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕