(ភ្នំពេញ)៖ ក្រោយពីទទួលបានការណែនាំ និងតម្រង់ទិសពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» មុននឹង «សេចក្ដីព្រាង គោលនយោបាយជាតិ» នេះ ត្រូវដាក់ជូនសុំការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល នាពេលខាងមុខ ។

ដើម្បីឆ្លើយតបទៅនឹងនិន្នាការតំបន់ និងសកលក្នុងវិស័យយានយន្តអគ្គិសនី, ការរៀបចំ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» សំដៅចាប់យកកាលានុវត្តភាព ទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តន៍ថ្មី ស្របទៅតាមការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងភាពធន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឲ្យបានអព្យាក្រឹតភាពកាបូននាឆ្នាំ ២០៥០ ក៏ដូចជាចូលរួមការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។

«គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងកម្រិតសុភបរមា (Optimal) ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជា ធានានូវសុខុមាលភាពប្រជាជន និងមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាព និងភាពបត់បែនតាមការវិវត្តរបស់បច្ចេកវិទ្យាយានយន្តអគ្គិសនី ដើម្បីធានាបាននូវសមតុល្យទាំងផ្នែកសេដ្ឋកិច្ច, សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថានល្អ។

ទន្ទឹមនេះ, ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ អភិក្រមក្នុងការរៀបចំគោលនយោបាយជាតិនេះ ប្រកាន់ភ្ជាប់នូវគោលការណ៍ចំនួន ៣គឺ៖
១៖ ការរក្សាលំនឹងសេដ្ឋកិច្ច, សង្គម និងសុខុមាលភាពប្រជាជន,
២៖ អនុលោមតាមក្របខ័ណ្ឌបរិស្ថាន, សង្គម និងអភិបាលកិច្ច និង
៣៖ ធានាសហ-ថាមពល និងព្យាសកម្ម ។

ផ្អែកលើមូលដ្ឋាននេះ, «គោលនយោបាយជាតិ» នេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្ដោតលើទិដ្ឋភាពចំនួន ៣ គឺ៖ ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី, ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន។ «គោលនយោបាយជាតិ» នេះ ក៏បានកំណត់ផងដែរ អំពីការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ព្រមទាំងមានការកំណត់ក្របខ័ណ្ឌពេលវេលាអនុវត្តជាក់លាក់ រួមទាំងយន្តការតាមដាន និងវាយតម្លៃការអនុវត្តវិធានការដែលបានដាក់ចេញ និងដោះស្រាយបញ្ហាប្រឈមអន្តរវិស័យនានា ដែលនឹងអាចកើតឡើងនៅពេលអនុវត្ត ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមផ្ដល់មតិយោបល់ និងការបង្ហាញនូវការប្ដេជ្ញា និងឆន្ទៈខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការ ដែលនឹងត្រូវដាក់ចេញ ក្នុងគោលនយោបាយជាតិនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធានាការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅដែលមានចែងក្នុង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» នេះ៕