(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១០០លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៤។

តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន១០០ ៤៨១ ៩៩៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣៥៥ ៦៩៤ដុល្លារ។

គិតត្រឹមត្រីមាស ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៥០ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤១ដុល្លារ ក្នុង១តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា ឆ្នាំ២០២៤ មានតម្លៃ១៨៨ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕