(ភ្នំពេញ)៖ យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ខណៈការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នឹងធ្វើការហោះហើរបង្ហាញ និងហោះសាកល្បង ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។

លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការហោះហើរនេះ គឺមានដឹកអ្នកដំណើរ ដូចជាការហោះហើរជាផ្លូវការ ប៉ុន្ដែគ្រាន់តែអ្នកដំណើរមិនមែនជាភ្ញៀវទេសចរ គឺជាក្រុមការងារ ហើយការហោះហើរសាកល្បងនេះ ក្រុមការងារអាកាសចរស៊ីវិល នឹងធ្វើការត្រួតពិនិត្យរាល់ដំណើរការទាំងអស់ មុននឹងចេញវិញ្ញាបនបត្រប្រតិបត្ដិករហោះហើរ។

សូមបញ្ជាក់ថា តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ ដោយប្រើប្រាស់យន្តហោះចំនួន២គ្រឿង។

តាមការប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា ​ក្រុមហ៊ុននឹងចាប់ផ្តើមបើកលក់សំបុត្រ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ​នេះតទៅ ជាមួយនឹងជើងហោះហើរសម្ពោធចាប់ពីថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ តទៅ​។ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនៅពេលខាងមុខ៕