(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានឡើងថ្លៃកាលពីថ្ងៃសុក្រ ខណៈដែលមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យប៉ះពាល់ទីផ្សារប្រេង និងបង្កឱ្យមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា អាចទទួលរងការរំខាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កិច្ចសន្យាសម្រាប់ចែកចាយប្រេងឆៅ គោលបានឡើងថ្លៃជាង ៣ដុល្លារមុនពេលធ្លាក់ចុះបន្តិចមកវិញ។ នៅម៉ោងប្រមាណ ១រសៀលថ្ងៃសុក្រ កិច្ចសន្យាអនាគតសម្រាប់ចែកចាយប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ១,៤ដុល្លារ ឬ ១,៦១ភាគរយនៅដល់ ៨៨,៥១ដុល្លារក្នុងមួយបារ៉ែល។ កិច្ចសន្យាសកម្មបំផុតសម្រាប់ចែកចាយប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានឡើងថ្លៃ ១,៣៨ដុល្លារ ឬ ១,៦៨ភាគរយដល់ ៨៣,៤៨ដុល្លារក្នុងមួយបារ៉ែល។

ប្រភពនានាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារ លើដែនដីអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលជាការវាយប្រហារសងសឹកគ្នាចុងក្រោយបំផុត រវាងប្រទេសទាំងពីរដែលគំរាមកំហែងអូសទាញតំបន់ ឱ្យកាន់តែធ្លាក់ជ្រៅទៅក្នុងជម្លោះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ពីករណីការផ្ទុះនានា ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បានប្រាប់រ៉យទ័រថា ការផ្ទុះទាំងនោះបណ្តាលមកពីប្រព័ន្ធការពារដែនអាកាស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកបីគ្រឿង ដែលហោះកាត់កណ្តាលទីក្រុង Isfahan ត្រូវបានបាញ់ទម្លាក់។

លោក Kelvin Wong អ្នកវិភាគនៃក្រុមហ៊ុន OANDA នៅប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា៖ «ការកើនឡើងបុព្វភាពដោយសារហានិភ័យភូមិសាស្ត្រនយោបាយ នាំឱ្យមានការងាកចេញពីបរិយាកាសហានិភ័យជាមួយនឹងភាពអាចកើនឡើង ការអាក់ខានការផ្គត់ផ្គង់ប្រេងយ៉ាងហោចណាស់ ក្នុងរយៈពេលខ្លី»

លោក Jun Rong Yeap អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន IG ក្នុងប្រទេសសិង្ហបុរីបានប្រាប់រ៉យទ័រថា៖ «ការកើនឡើងភាពតានតឹងកាន់តែខ្លាំង [បង្ហាញ] ថា ការសងសឹកគ្នារវាងភាគីទាំងពីរនឹងអូសបន្លាយពេលយូរ»