(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា នៅកម្ពុជាមិនមានក្រុមហ៊ុនធានារ៉ាប់រងប្រភេទផ្តាច់មុខនោះទេ ដោយបច្ចុប្បន្ននេះ មានក្រុមហ៊ុនបីប្រភេទដែលសំខាន់ គឺក្រុមហ៊ុនធានារ៉ាប់រងទូទៅ, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមធានារ៉ាប់រងខ្នាតតូច ដែលកំពុងលក់ប្រកួតប្រជែងគ្នា។
លោក ប៊ូ ច័ន្ទភីរូ លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សា ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានពន្យល់ថា សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងទូទៅ ដែលមានសិទ្ធិលក់ធានារ៉ាប់រងទូទៅ ក្រៅពីធានារ៉ាប់រងអាយុជីវិត។ ចំណែកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតវិញ គឺជាក្រុមក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណលក់ធានារ៉ាប់រងអាយុជីវីត ហើយប្រសិនបើក្រុមហ៊ុនទាំងឡាយណា ដែលទទួលបានអាជ្ញាបណ្ណអាជីវកម្មប្រភេទនេះ អាចធ្វើការលក់ប្រកួតប្រជែងគ្នា ទៅលើការដោះស្រាយសំណង សេវាកម្ម ប្រកបដោយគុណភាព និងវិជ្ជាជីវៈ។ សម្រាប់ក្រុមធានារ៉ាប់រងខ្នាតតូចវិញ គឺប្រភេទក្រុមហ៊ុនដែលលក់ធានារ៉ាប់រងតម្លៃទាប នៅតាមបណ្តាខេត្តនានា និងតាមជនបទ។
លោក ប៊ូ ច័ន្ទភីរូ មានប្រសាសន៍ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅតែមានសក្តានុពល ប៉ុន្តែយ៉ាងណាមិញ ចំណេះដឹងប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតទៅលើវិស័យធានារ៉ាប់ បើទោះបីជាពួកគេមានលទ្ធភាពទិញធានារ៉ាប់ក៏ដោយ។
ក្នុងឆ្នាំ២០២៣ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ២០% ដោយបុព្វលាភដុលបន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារអាមេរិក។
ក្រុមហ៊ុនធានារ៉ាប់រង ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា មានចំនួន ៤១ ជាមួយនឹងទ្រព្យសកម្មជាង១ ប៊ីលានដុល្លារ ដែលក្នុងនោះមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៥ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ប៊ូ ច័ន្ទភីរូ៖