(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា ដែលយល់ដឹងពីការទិញធានារ៉ាប់រង សម្រាប់ការពារហិរញ្ញវត្ថុ ពេលមានហានិភ័យ នៅមានកម្រិតនៅឡើយ និងមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ដែលជាកត្តារារាំងដល់ការរីកចម្រើន នៃវិស័យធានារ៉ាប់រងនៅកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សា ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានកត់សម្គាល់ថា ពលរដ្ឋខ្មែរ ដែលមានលទ្ធភាពទិញធានារ៉ាប់រង គឺមានច្រើន ដោយសារតម្លៃនៃកញ្ចប់ធានារ៉ាប់រងនៅកម្ពុជា មានច្រើនជម្រើស ដែលអ្នកមានលទ្ធភាពតិច និងច្រើន ក៏អាចទិញបានដូចគ្នា ប៉ុន្តែការទិញធានារ៉ាប់រង ហាក់នៅកម្រិតដោយសារពួកគាត់មិនទាន់យល់ ពីអត្ថប្រយោជន៍នៃធានារ៉ាប់រង។
លោកបានលើកឡើងបន្ថែមថា ក្នុងប្រទេសមួយ ប្រសិនបើការទិញធានារ៉ាប់រងបានទូលំទូលាយ ប្រទេសនោះនឹងមានការរីកចម្រើន បានន័យថា ប្រជាពលរដ្ឋនឹងមិនខ្វល់ពីបន្ទុកហិរញ្ញវត្ថុ នៅពេលមានហានិភ័យកើតឡើងឡើយ។
លោកបានលើកឡើងទៀតថា ការទិញធានារ៉ាប់រងមានសារៈសំខាន់ណាស់ ក្នុងការធានានូវលំនឹងហិរញ្ញវត្ថុ សម្រាប់គ្រួសារមួយ ព្រោះប្រសិនបើមេគ្រួសារមួយបាត់បង់ជីវិត ស្ថានភាពគ្រួសារនោះអាចនឹងមានការប្រែប្រែ កូនអាចនឹងបោះបង់សាលា ទ្រព្យសម្បត្តិអាចនឹងធ្លាក់ចុះ។ ផ្ទុយមកវិញប្រសិនបើមេគ្រួសារនោះ ទិញធានារ៉ាប់រងអាយុជីវិត សម្រាប់ធានាដល់ការរៀនសូត្រកូនរបស់គាត់ ទោះបីជាគាត់បាត់បង់ជីវិតក៏ដោយ ក៏កូនរបស់គាត់នៅតែអាចមានកញ្ចប់ថវិកា សម្រាប់ធានាដល់ការសិក្សា ហើយស្ថានភាពគ្រួសាររបស់គាត់ អាចនឹងមិនមានការប្រែប្រួលក៏ថាបាន។
លោកមានប្រសាសន៍ថា «សង្គមមួយដែលមានការធានារ៉ាប់រងកាន់តែទូលាយ អ្នកទិញបានច្រើន សង្គមនោះនឹងមានការរីកចម្រើន ទាំងវិស័យអប់រំ វិស័យសុខាភិបាល កាត់បន្ថយភាពក្រីក្របានច្រើន»។
ស្របពេលដែល ប្រជាពលរដ្ឋកម្ពុជា នៅមានការខ្វះចំណេះដឹងអំពីធានារ៉ាប់រង និយ័តករធានារ៉ាប់រង នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍នៃធានារ៉ាប់រង ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ប៊ូ ច័ន្ទភីរូ៖