(ប៉េកាំង)៖ ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន នៅត្រីមាសទីមួយឆ្នាំនេះបានធ្លាក់ចុះ ៩,៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈដែលនៅក្នុងអំឡុងខែមករាដល់ខែកុម្ភៈ ការធ្លាក់ចុះការវិនិយោគនេះមានតែ ៩ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយ កាលពីថ្ងៃអង្គារដោយការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិនថា ការលក់អចលនទ្រព្យបើគិតជាផ្ទៃក្រឡា ក្នុងខែមករាដល់ខែមីនាបានធ្លាក់ចុះ ១៩,៤ភាគរយធៀបនឹងឆ្នាំមុន ដែលទាបជាងការធ្លាក់ចុះ ២០,៥ភាគរយនៅក្នុងខែមករាដល់ខែកុម្ភៈ។

ប្រទេសចិនបាន និងកំពុងបង្កើនវិធានការ ពង្រឹងវិស័យអចលនទ្រព្យ ដែលផុយស្រួយរបស់ខ្លួនឡើងវិញ រួមទាំងការអនុញ្ញាតឱ្យធនាគាររដ្ឋ ផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បន្ទាប់ពីការបង្រ្កាបលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានពឹងផ្អែកខ្លាំងលើបំណុល ដែលបាននាំឱ្យមានវិបត្តិសាច់ប្រាក់ងាយស្រួល។

ការចាប់ផ្តើមការសាងសង់ថ្មី បើគិតជាផ្ទៃក្រឡាបានធ្លាក់ចុះ ២៧,៨ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ ២៩,៧ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។

មូលនិធិដែលប្រមូលដោយក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ ២៦ភាគរយក្នុងខែមករាដល់ខែមីនា បន្ទាប់ពីការធ្លាក់ចុះ ២៤,១ភាគរយនៅក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕