(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេស ដែលជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានតម្លៃជាង ២.៦ពាន់លានដុល្លារកើនឡើង២៥.៧៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលតម្លៃប្រមាណ ២.១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
របាយការណ៍បានបង្ហាញថា រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដែលជាសមាជិក RCEP ប្រមាណ ៨.៣ពាន់លានដុល្លារ កើនឡើង១៤.៧២% ក្នុងនោះកម្ពុជានាំចេញក្នុងតម្លៃជាង ២.៦ពាន់លានដុល្លារ កើនឡើង២៥.៧៦% និងនាំចូលមកវិញក្នុងតម្លៃ ៥.៦ ពាន់លានដុល្លារ កើនឡើង១០.១៣%។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាកាន់តែប្រសើរឡើង ហើយភាគច្រើននៃអ្នកនាំចេញបានងាកមកនាំចេញក្រោមកិច្ចព្រមព្រៀងនេះ ដោយសារតែការនាំចេញទៅកាន់ប្រទេសចំនួន១៥ ដែលជាសមាជិកកិច្ចព្រមព្រៀងRCEP ភាគច្រើនស្ថិតក្នុងអត្រាពន្ធសូន្យ។
លោកថា ការនាំចេញទទួលបានអត្រាពន្ធអនុគ្រោះបែបនេះ ព្រោះក្នុងពេលចរចា គឺកម្ពុជាប្រទេសអភិវឌ្ឍន៍តិចតួច ហេតុនេះទំនិញដែលកម្ពុជានាំចេញទៅ ក្រោមកិច្ចព្រមព្រៀង RCEP ភាគច្រើនស្ថិតក្នុងអត្រាពន្ធសូន្យ។
សូមជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានសមាជិកចំនួនប្រទេស១៥ មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់៕