(ភ្នំពេញ)៖ បណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋមុននឹងទិញសំបុត្ររថយន្តក្រុង ធ្វើដំណើរពីទិសដៅណាមួយ ទៅទិសដៅណាមួយ គួរតែចេះសួរនាំក្រុមហ៊ុនជាមុនសិន ថាតើក្រុមហ៊ុននោះ មានសេវាកម្មបែបណា បានចុះបញ្ជីត្រឹមត្រូវ និងមានធានារ៉ាបរងដែរ ឬទេ? ដើម្បីជៀសវាងហានិភ័យ ការយកតម្លៃខ្ពស់។
បណ្ឌិត ឆឹម ចំណាន លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ៖ «ការឡើងថ្លៃដឹកអ្នកដំណើរ ក្នុងឱកាសបុណ្យទាន និងស្ថានភាពអាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមុននឹងទិញសំបុត្រឡាន ត្រូវចេះសួរនាំក្រុមហ៊ុននោះ បានចុះបញ្ជីត្រឹមត្រូវទេ និងមានធានារ៉ាបរងទេ ចេញម៉ោងពេលទៀងទាត់ដែរទេ និងពិនិត្យទៅលើសំបុត្រដែលបានទិញ ជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ ដែលបានធ្វើដំណើរមកលេងស្រុកកំណើត គួរតែពិនិត្យទៅលើចំណុចទាំងនេះ ព្រោះកន្លងមកធ្លាប់មានករណីការទារតម្លៃឈ្នួលឡានខ្ពស់ រហូតដល់១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល ខណៈតម្លៃសំបុត្រធម្មតា ត្រឹមតែ៥ម៉ឺនទៅ៦ម៉ឺនរៀលប៉ុណ្ណោះ ។ ហេតុនេះហើយប្រសិនបើពួកគាត់ចេះសួរនាំទៅក្រុមហ៊ុន អាចនឹងជួយកាត់បន្ថយការចំណាយរបស់គាត់បាន៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ បណ្ឌិត ឆឹម ចំណាន៖