(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់មហាជន ដែលតែងតែលើកឡើងថា អ្នករៀនចប់ថ្នាក់ឧត្ដមសិក្សា ពេលចេញធ្វើការ បានប្រាក់ខែតិចជាង អ្នកមិនបានរៀន ត្រូវបានលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បកស្រាយថា ការលើកឡើងនេះ ត្រូវមួយជ្រុង ប៉ុន្ដែមិនត្រូវទាំងមូល។
លោកបណ្ឌិត ជេត ជាលី បានប្រាប់ឲ្យដឹងថា ការផ្ដល់ប្រាក់ខែច្រើន ឬតិច របស់ក្រុមហ៊ុន-សហគ្រាស នីមួយៗ គឺគេសង្កេតទៅលើផលិតផលភាពការងារ ថាយើងអាចផលិតផលការងារ ជូនដល់ក្រុមហ៊ុន/សហគ្រាសរបស់គេ បានក្នុងកម្រិតណា ប៉ុន្ដែមុននឹងគេមើល លើផលិតភាពការងាររបស់យើងម្នាក់ៗ គឺគេមើលលើសញ្ញាបត្រយើង ជាមុនសិន។
ការបកស្រាយបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ជេត ជាលី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលិតភាពការងាររបស់យុវជនពេលរៀនចប់ថ្នាក់ឧត្ដមសិក្សា» ក្នុងកម្មវិធី FRESH BUSINESS។
លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងនេះ អាចត្រូវមួយជ្រុង ប៉ុន្ដែមិនត្រូវរូបភាពទាំងមូល ក្រុមហ៊ុនសហគ្រាស ផ្ដល់ប្រាក់ខែមិនអាស្រ័យលើសញ្ញាបត្រទេ ប៉ុន្ដែអាស្រ័យលើផលិតផល ភាពការងារ ទោះបីជាមានសញ្ញាបត្រ ធំប៉ុណ្ណាក៏ដោយ បើផលិតផលភាពការងារមិនសូវមាន ក៏គេមិនសូវឲ្យប្រាក់ខែច្រើនដែរ ប៉ុន្ដែមុននឹងគេមើលផលិតភាពការងារ គឺគេមើលសញ្ញាបត្រជាមុនសិន»៕
ខាងក្រោមនេះ ជាវីដេអូបកស្រាយ របស់លោកបណ្ឌិត ជេត ជាលី៖