(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា ការសិក្សាសិក្សាជំនាញណាក៏សំខាន់ ជំនាញណាក៏ល្អ ប្រសិនបើយើងជ្រើសរើសបានត្រឹមត្រូវ អ្វីដែលសំខាន់នោះ គឺគុណភាពសិក្សា ត្រូវរៀន និងត្រូវសិក្សាឲ្យចេះច្បាស់។
ការលើកឡើងរបស់លោក ជេត ជាលី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ផលិតភាពការងាររបស់យុវជន ពេលរៀនចប់ថ្នាក់ឧត្ដមសិក្សា»។
លោកបានថ្លែងថា «ចំពោះប្អូនៗសិក្សាជំនាញណាមួយ មិនទាន់ជារឿងសំខាន់ខ្លាំងក្លានោះទេ តែរឿងដែលសំខាន់ គឺគុណភាពនៃការសិក្សា បើចាប់យកជំនាញណាមួយ សិក្សាជំនាញនោះឲ្យចេះ និងច្បាស់លាស់បំផុត។ ជាក់ស្ដែងដូចការសិក្សាគណិតវិទ្យា បច្ចុប្បន្ននេះ មិនមានជាអាជីពអ្វីមួយឡើយ ប៉ុន្ដែមានអ្នកត្រូវការអ្នកស្ថិតិ អ្នកគណិតវិទ្យាច្បាស់លាស់ ដូច្នេះមានន័យថា ចេះអ្វីមួយត្រូវចេះឲ្យច្បាស់លាស់»។
ក្នុងនោះផងដែរលោក ជេត ជាលី បានណែនាំឲ្យប្អូនៗសិស្សានុសិស្ស ចេះដឹងអំពីការចាប់យកជំនាញអ្វីមួយសម្រាប់សិក្សា សម្រាប់ប្អូនៗនិស្សិតសូមផ្ដាំ និងចង់ចាំថា ត្រូវចេះភ្ជាប់ឧបនិស័្សយធម្មជាតិរបស់ខ្លួនឯង ប្រសិនបើមានឱកាសរៀនសូត្រ ត្រូវប្រឹងប្រែងរៀនសូត្រ ព្រោះពេលនេះមានឱកាសច្រើនក្នុងការរៀន ប៉ុន្ដែបើគិតថាខ្លួនមិនពូកែរៀនសូត្រនោះទេ តែមានទេពកោសល្យ និងមានភាពវៃឆ្លាត វៀងវៃ ពូកែរកស៊ី ធ្វើការងារ អាចឆ្ពោះតម្រង់ទៅរកទាំងរឿងទាំងនោះបាន ដូច្នេះត្រូវចេះសង្កេតមើលខ្លួនឯង ត្រូវចេះផ្សារភ្ជាប់នឹងខ្លួនឯង ត្រូវចេះមើលបរិយាកាសព្រោះថា បរិយាកាសខ្លះអត់ត្រូវជាមួយនឹងយើងទេ នោះយើងក៏មិនអាចបោះជំហ៊ានបាននោះទេ៕