(កំពត)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.) ដឹកនាំដោយបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង ២៧ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តជាប់ ឆ្នេរសមុទ្រទាំងបួន ដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសកម្រិតម៉ាក្រូ លើខ្លឹមសាររបាយការណ៍នៃ ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តា ខេត្តជាប់ឆ្នេរសមុទ្រ កម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។
សូមរំលឹកផងដែរថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានទទួលការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រីកវិសាលភាពផែនការមេនេះ ទៅជា «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរ សមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្របីទៀត រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដើម្បីជួយតម្រង់ទិសការអភិវឌ្ឍបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងបួន ឱ្យមានភាពប្រទាក់ក្រឡា បំពេញឱ្យគ្នាទៅវិញទៅមក និងប្រកបដោយបរិយាបន្ន។
បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កិច្ចប្រជុំ ក.ប.ស.ផ. លើកទី៧នេះ មានគោលបំណងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើសេចក្ដីព្រាងរបាយការណ៍ផែនការមេ អភិវឌ្ឍផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា និងជាពិសេសផ្ដោតលើខ្លឹមសារកម្រិតម៉ាក្រូ ដូចជា ចក្ខុវិស័យ ទិសដៅ មុខងារ និងវិស័យអាទិភាពរបស់ខេត្តនីមួយៗ ដែលតម្រូវឱ្យ មានការឯកភាពជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លោកបណ្ឌិតបានបន្ថែមថា ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ កម្ពុជាទៅជា របៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា គឺជាយុទ្ធសាស្ត្រជាតិ ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈសសរស្តម្ភចំនួន០៦គឺ ឧស្សាហកម្ម, ធនធានមនុស្សនិងបច្ចេកវិទ្យា, ដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធ, អេកូឡូស៊ី, និងសេវាសាធារណៈ ។
ជារួម, សេចក្ដីព្រាងរបាយការណ៍ នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាផ្តោតលើ ទិសដៅ, យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ថ្នាក់ជាតិ, និងមានភាពប្រទាក់ក្រឡា ទៅនឹងផែនការអភិវឌ្ឍ តាមវិស័យ ដោយគិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, និន្នាការសកល, ការអភិវឌ្ឍឧស្សាហកម្ម, ទីផ្សារកំលាំងពលកម្ម, គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ប្រព័ន្ធសេវាសាធារណៈ, ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍និងជីវចម្រុះ, ការរស់នៅនិងសុខមាលភាព, ការរចនាទីក្រុង, ការគ្រប់គ្រងការប្រើប្រាស់ដី, ការគ្រប់គ្រងខ្សែក្រវាត់បៃតង, និងក្របខ័ណ្ឌស្ថាប័នដើម្បីអនុវត្ត។ ការអភិវឌ្ឍវិស័យទាំងអស់នេះ នឹងក្លាយជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំនាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជា ដើម្បីឈានទៅសម្រេចបានជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ជាលទ្ធផល, អង្គប្រជុំបានពិភាក្សា និងផ្តល់មតិយោបល់លើខ្លឹមសារសំខាន់ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍ ដែលមានភាពបន្ស៊ីគ្នាកាន់តែខ្លាំង ទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ។ មតិយោបល់ទាំងនេះ នឹងត្រូវបានបូកសរុប និងកែសម្រួលដើម្បីដាក់ជូន គណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលផែនការមេ ដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែមមុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខនេះ ។
អង្គប្រជុំទាំងមូលបានបង្ហាញនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារ បច្ចេកទេសអន្តរក្រសួង និងក្រុមការងាររបស់វិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំសេចក្ដីព្រាងរបាយការណ៍ផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។ បន្ថែមពីនេះ អង្គប្រជុំក៏សង្ឃឹមថា ផែនការមេនេះ នឹងជួយគាំទ្រការអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រទាំងបួន ក៏ដូចជាការអភិវឌ្ឍប្រទេសកម្ពុជា ជារួមផងដែរ៕