(ភ្នំពេញ)៖ អ្នកជំនាញខ្មែរ និងជប៉ុន តាមរយៈ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានបន្តផ្សព្វផ្សាយពីទ្រឹស្តីជំនួញរបស់លោក Kazuo Inamori ដែលជាកំពូលអ្នកជំនួញរបស់ជប៉ុន ដល់អ្នកជំនួញនៅកម្ពុជា ដើម្បីងាយស្រួលទំនាក់ទំនងការរកស៊ីជាមួយក្រុមហ៊ុនជប៉ុន។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា CJBI បានបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ តាំងពីចុងឆ្នាំ២០២៣ ក្នុងគោលបំណងបញ្រ្ជាបទ្រឹស្តីរបស់លោក Inamori ដែលលោកបណ្ឌិតមើលឃើញថា សៀវភៅរបស់លោក Inamori មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ដោយលោក Inamori បានណែនាំពីការធ្វើជំនួញតាមបែបព្រះពុទ្ធសាសនា កុំមានការកេងប្រវ័ញ្ចគេ ដែលសង្ឃឹមថា អ្នកជំនួញនៅកម្ពុជា នឹងចាប់យកទ្រឹស្តីនេះបាន។

លោកបន្តថា សម្រាប់សហគ្រិនខ្មែរ ឬអ្នកធុរកិច្ចខ្មែរ ដែលចង់មានទំនាក់ទំនងការរកស៊ីជាមួយជប៉ុន គឺសំខាន់ ក្នុងការយល់ដឹងពីទ្រឹស្តីរបស់លោក Inamori ដើម្បីយល់ពីរបៀបរបបនៃការរកស៊ីរបស់ជប៉ុន ព្រោះបើចង់រកស៊ីជាមួយជប៉ុន យ៉ាងហោចណាស់ក៏យើងត្រូវមានទស្សនៈ និងការគិតស្រដៀងគ្នាផងដែរ ដើម្បីឱ្យការទំនាក់ទំនង និងរកស៊ីជាមួយគ្នាបានយូរ។ លោកថា ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori គឺជាទស្សនវិជ្ជាល្អជួយដល់មនុស្ស និងសង្គមដែលអ្នកជំនួញនៅកម្ពុជា គួរអនុវត្តតាម។

គួរជម្រាបថា លោក Kazuo Inamori គឺជាអ្នកដឹកនាំធុរកិច្ចដ៏ល្បីបំផុតមួយរូប ក្នុងប្រទេសជប៉ុន ដែលបានបង្កើតក្រុមហ៊ុនសាជីវកម្ម Kyocera និង KDDI ហើយលោកក៏ប្រធានក្រុមហ៊ុន Japan Airline ដោយបានដឹកនាំធ្វើឱ្យក្រុមហ៊ុនអាកាសចរណនេះ រស់រានឡើងវិញផងដែរ។ ទស្សនវិជ្ជាអាជីវកម្មរបស់លោក គឺផ្អែកទៅលើ «ការរស់នៅតាមរបៀបត្រឹមត្រូវ ក្នុងនាមជាមនុស្ស-Living in the right way as human being»។ លោក Inamori បានទទួលមរណភាពនៅខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ៕