(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស នៅលើពិភពលោកដែលមានការទូទាត់ តាមប្រព័ន្ធឌីជីថលខ្ពស់បំផុតធៀបនឹង ផលិតផលក្នុងស្រុកសរុប (GDP)។

ការឡើងយ៉ាងដូច្នេះរបស់សមាគមធនាគារនៅកម្ពុជា បន្ទាប់ពីថ្មីៗនេះ ស្ថាប័នសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ឥរិយាបទទូទាត់តាមប្រព័ន្ធឌីជីថល របស់ប្រជាជនកម្ពុជា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយការទូទាត់ជាសាច់ប្រាក់សុទ្ធ មានការកើនឡើងទៅវិញ ដោយដកស្រង់ខ្លឹមសារចេញពីការសិក្សា អំពីអាកប្បកិរិយាការទូទាត់របស់អ្នកប្រើប្រាស់ ដែលធ្វើឡើងដោយ ក្រុមហ៊ុន CLEAR M&C Saatchi ក្នុងខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០២៣។

សមាគមធនាគារនៅកម្ពុជាបញ្ជាក់ថា អត្ថបទព័ត៌មាន និងការរាយការណ៍នោះ មិនបានឆ្លុះបញ្ចាំងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នាពេលបច្ចុប្បន្ន និងនិន្នាការឌីជីថលនៅកម្ពុជានោះទេ។

ជាក់ស្តែង មានការវិវឌ្ឍគួរឱ្យកត់សម្គាល់នៃការចាប់យក និងប្រើប្រាស់ប្រព័ន្ធឌីជីថល ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកំណើននេះត្រូវបានពន្លឿនបន្ថែមទៀត ក្នុងអំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការវិនិយោគលើផ្លេតហ្វមទូទាត់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្សេងៗទៀត ដោយធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀតរួមមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការកើនឡើង ជាបន្តបន្ទាប់នៃការចាប់យក និងប្រើប្រាស់ឌីជីថល នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រតិបត្តិការទូទាត់ឌីជីថលចំនួន ១.៨ពាន់លានប្រតិបត្តិការទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ៤៩៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះ បានបង្ហាញពីការកើនឡើងប្រមាណ ៦១.៨% នៅក្នុងទំហំប្រតិបត្តិការ និងការកើនឡើង ២៣% នៅក្នុងតម្លៃប្រតិបត្តិការ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ និង ស្នើ១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស នៅលើពិភពលោកដែលមានការទូទាត់ តាមប្រព័ន្ធឌីជីថលខ្ពស់បំផុតធៀបនឹង ផលិតផលក្នុងស្រុកសរុប (GDP) ។

សមាគមធនាគារនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថាការទូទាត់តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា គឺនឹងនៅតែជាអាទិភាពស្នូលរបស់វិស័យធនាគារ ដូច្នេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តវិនិយោគលើ សេវាធនាគារចល័ត និងផ្លេតហ្វមទូទាត់ និងសេវាឌីជីថល ដើម្បីបម្រើដល់ទីផ្សារ ក្នុងការធ្វើប្រតិបត្តិការធនាគារឌីជីថលកាន់តែងាយរកបាន ងាយស្រួល តម្លៃសមរម្យ និងមានសុវត្ថិភាព។

សមាគម និងសមាជិករបស់ខ្លួន នឹងបន្តគាំទ្រធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល និងនវានុវត្តន៍បន្ថែមទៀតទាំងក្នុងវិស័យធនាគារ និងលើសពីវិស័យធនាគារ ដូចមានចែងក្នុងក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលឆ្នាំ ២០២១-២០៣៥ របស់កម្ពុជា៕