(ភ្នំពេញ)៖ សេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ មានសញ្ញាណកាន់តែល្អជាបន្ដបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្ដរជាតិ, ទេសចរណ៍ និងវិនិយោគ។ នេះបើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ទំហំពាណិជ្ជកម្មដកមាស ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ សម្រេចបាន ៨ ១២០លានដុល្លារ កើនឡើងក្នុងរង្វង់ ១៩.២% ខណៈដែលការនាំចេញកើនឡើង ២២.៥% និងការនាំចូល កើនឡើង១៦.១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណ ៩៨៩ពាន់នាក់ ដែលមានកំណើន១៨.០% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣, ទន្ទឹមនេះចំនួនភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រពីគ្រឹះស្ថានអង្គរមានចំនួន២៣៦ពាន់នាក់ កើនឡើង៥០.៣%។

ដោយឡែកគម្រោងវិនិយោគ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ មានចំនួន៦៩គម្រោង ទុនសរុប១ ៣៨៥លានដុល្លារ និងលទ្ធភាពបង្កើតការងារថ្មី មាន៦៧ ១៧៨កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគកើនឡើង ៣៨គម្រោង (ស្មើនឹង១២២%), ទុនកើនឡើង៥០៥% និងការងារកើនឡើង៦៨% រៀងគ្នា។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ផ្អែកលើការតាមដានជាប់ប្រចាំ ទាំងសេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចសកល សកម្មភាពសេដ្ឋកិច្ចកម្ពុជា នឹងរើបឡើងវិញជាបណ្ដើរៗ ជាពិសេសក្នុងវិស័យសេវាកម្ម និងកសិកម្ម៕