(ភ្នំពេញ)៖ បណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ បានបង្ហាញប្រាប់ពីមូលហេតុធំៗ ដែលនាំឲ្យអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ឬដួលររលំ។

ការដួលររលំអាជីវកម្មភាគច្រើន ផ្ដើមឡើងដោយសារតែការមិនមានអ្វីៗថ្មី, ដើរមិនទាន់សម័យកាលនៃប្រព័ន្ធឌីជីថល, មិនមានចំណេះដឹងគ្រប់គ្រាន់ ផ្នែកអាជីវកម្ម, ពុំមានគម្រោងផ្នែកហិរញ្ញវត្ថុ និងមិនអនុលោមភាពតាមច្បាប់ បានត្រឹមត្រូវ។

ការលើកឡើងរបស់បណ្ឌិត តាន់ មុនីវណ្ណ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ទំនាក់ទំនងរវាងទ្រឹស្តីនៃការធ្វើជំនួញ និងការអនុវត្ត»

បណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា ជាការពិតមានអាជីវកម្មជាច្រើនបានបិទទ្វារ ពិសេសអាជីវកម្មផ្ដើមថ្មីថ្មោង មែនទែនទៅតាមការអង្កេតឃើញថា ការចាប់ផ្ដើមអាជីវកម្មរបស់ម្ចាស់អាជីវកម្មភាគច្រើន មិនមែនជាសហគ្រិននោះឡើយ គ្រាន់តែជាអាជីវករធម្មតាប៉ុណ្ណោះ ត្បិតថាអាជីវកម្មរបស់ពួកគាត់ បានចុះបញ្ជីអនុលោមតាមច្បាប់ត្រឹមត្រូវក្ដី ប៉ុន្ដែការចាប់ផ្ដើមអាជីវកម្ម របស់ពួកគាត់ខុស ពីការចាប់ផ្ដើមនៃសហគ្រិន ភាគច្រើនពួកគាត់បើកអាជីវកម្ម ដោយមិនបានស្វែងយល់បន្ថែម ឬមើលឃើញពីអនាគតក្រុមហ៊ុនរបស់ខ្លួនឡើយ មិនមានការសិក្សាស្វែងយល់ ក្នុងការពង្រឹកអាជីវកម្មឲ្យធំជាងមុន ឬមានការបង្កើតថ្មីៗឡើយ ដែលជាហេតុធ្វើឲ្យអាជីវកម្ម ប្រឈមនឹងការបិទទ្វារ។

បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ថា ត្រូវចាំថាការធ្វើជំនួញមិនអាចធ្វើដដែលៗបានឡើយ ត្រូវតែមានការច្នៃប្រឌិត បង្កើតថ្មីៗ ព្រោះបើកាលណាអាជីវកម្មនៅដដែល ជាហេតុផលនាំឲ្យអាជីវកម្មប្រឈមនឹងការខាតបង់។ អ្នកទាំងអស់គ្នាត្រូវដឹងថា អាជីវកម្មខុសពីការដើរ ប្រសិនបើអាជីវកម្មមួយនៅតែដដែល នឹងមានអាជី​វកម្មមួយទៀតវ៉ាផ្ដាច់ ជាហេតុនាំឲ្យអាជីវកម្ម ប្រឈមនឹងការដួលរលំ។

បណ្ឌិតបានបញ្ជាក់ថា «មានបន្ទាប់បន្សំផ្សេងៗទៀត ដែលនាំឲ្យអាជីវកម្មបិទទ្វារមានដូចជា ការបង្កើតអាជីវកម្ម​មួយ ដែលមិនអាចពង្រីកបាន, ខ្វះខាតចំណេះដឹង, ពុំមានគម្រោងហិរញ្ញវត្ថុរយៈពេលវែង។ ការបិទអាជីវកម្មភាគច្រើនបណ្ដាលមកពី ការមិនបំពេញអនុលោមភាពផ្នែកច្បាប់បានត្រឹមត្រូវ មានន័យថា អាជីវកម្មកំពុងដំណើរការល្អប្រសើរ សុខៗ ស្រាប់តែមានការរុញផ្នែកច្បាប់ណាមួយចូលទៅភ្លាម ធ្វើឲ្យអាជីវកម្មនោះដួលភ្លាមៗក៏មាន»

បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់បន្ថែមថា កត្តាសំខាន់មួយទៀត នាំឲ្យអាជីវកម្មបិទទ្វារ មិនមែនដោយសារតែអាជីវកម្មត្រូវខាតនោះទេ ប៉ុន្ដែដោយសារតែម្ចាស់អាជីវកម្មមិនចេះផ្នែកឌីជីថល មិនរុញនូវអាជីវកម្មរបស់ខ្លួនចូលក្នុងផ្នែកឌីជីថល៕