(ភ្នំពេញ)៖ បណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ បានលើកឡើងថា ដើម្បីឲ្យអាជីវកម្មជោគជ័យ ដាច់ខាតម្ចាស់អាជីវកម្ម ឬសហគ្រិនភាពត្រូវចេះដឹងស្គាល់ ពីការវិភាគស្ថានភាពហិរញ្ញវត្ថុ កាលណាសហគ្រិនដែលវិភាគស្ថានភាពហិរញ្ញវត្ថុ មិនបានច្បាស់លាស់ ងាយជួបរឿងបរាជ័យ ក្នុងអាជីវកម្ម។

ការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ទំនាក់ទំនងរវាងទ្រឹស្តីនៃការធ្វើជំនួញ និងការអនុវត្ត»

លោកបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា «ផ្នែកហិរញ្ញវត្ថុ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់អាជីវកម្មឲ្យទទួលបានជោគជ័យ ក្នុងក្រុមហ៊ុនត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ហើយអ្វីដែលសំខាន់បំផុតនោះ គឺផ្នែកហិរញ្ញវត្ថុ ហើយត្រូវចេះវិភាគផ្នែកហិរញ្ញវត្ថុ ផ្នែកហិរញ្ញវត្ថុជាផ្នែកមួយ ដែលសហគ្រិនភាគច្រើន គិតមិនដល់ សហគ្រិនភាគច្រើនបរាជ័យ គឺដោយសារការគណនាហិរញ្ញវត្ថុ មិនបានច្បាស់លាស់ និងធ្វើឲ្យអាជីវកម្មបរាជ័យភ្លាម នៅពេលពួកគាត់មានតម្រូវការផ្នែកហិរញ្ញវត្ថុបន្ថែម»

លោកបណ្ឌិតបានបញ្ជាក់ថា សម្រាប់អាជីវកម្មមួយ នៅពេលដែលសហគ្រិនបើកអាជីវកម្មតូច គឺទទួលបានជោគជ័យក្នុងអាជីវកម្ម ប៉ុន្ដែប្រសិនបើពួកគាត់ហ៊ានពង្រីកអាជីវកម្មភ្លាម អត្រាបរាជ័យនឹងមានច្រើន ដោយសារតែសហគ្រិនមួយចំនួន មិនបានចេះដឹងស្គាល់ពី ការវិភាគហិរញ្ញវត្ថុនោះឡើយ។ ជាក់ស្ដែងដូចការបើកហាង ប្រសិនបើសហគ្រិនបើកហាងតែមួយ នឹងទទួលបានជោគជ័យ ប៉ុន្ដែបើកពង្រីកបន្ថែមមួយ ឬ២ទីតាំងទៀតនោះ នឹងធ្វើឲ្យអាជីវកម្មនោះធ្លាក់ចុះជាខ្លាំង និងបរាជ័យតែម្ដង ដោយសារតែអាជីវកម្មខ្លះ មិនអាចបង្កើតធំបានឡើយ ពិសេសគឺសមត្ថភាពក្រុមហ៊ុន, ការចាប់ចំណែកទីផ្សារ ព្រោះមុខរបរខ្លះ លក់បានតែក្នុងតំបន់ប៉ុណ្ណោះ៕