(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលពីការលើកឡើងរបស់សារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផល នៃការធ្វើអង្កេតអនឡាញ របស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមបំភ្លឺពីវឌ្ឍនភាពនៃការទូទាត់នៅកម្ពុជាថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេសការស្កេនឃូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស»

ការអភិវឌ្ឍនេះអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបៗជាបន្តបន្ទាប់ អនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាមឃ្យូអរកូត ការបង្កើតស្តង់ដារឃូអរកូតជាដើម ដែលផ្ដល់ភាពងាយស្រួល ដល់ការទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស ពិសេសក្នុងពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបបានកើនឡើង
ដល់ជាង១៩លានគ្រឿងច្រើនជាងចំនួនប្រជាជនកម្ពុជាសរុបមានជាង១៦លាននាក់។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ជាក់ស្តែងចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើងពី១.១០០លានប្រតិបត្តិការក្នុងឆ្នាំ២០២២ មកដល់១.៧៨៦ លានប្រតិបត្តិការក្នុងឆ្នាំ២០២៣ ហើយចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការ ទូទាត់ឌីជីថលទាំងជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើងពី ៤០០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដល់៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ស្មើនឹងប្រមាណ១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធ បាគងបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអតិថិជនបើកគណនីសរុប២៧,៦ លានគណនី ហើយអាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង២,៩លានទីតាំង គិតត្រឹមចុងឆ្នាំ២០២៣»

លើសពីនេះធនាគារជាតិនៃកម្ពុជា បាននិងកំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗ ជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។

ជាមួយនឹងការអនុវត្តគោលនយោបាយទាំងនេះ ការទូទាត់ឌីជីថលនៅក្រៅប្រទេសក៏បានកើនឡើងដូចជា ថៃ វៀតណាម និងឡាវ ជាដើម ដែលប្រជាជនកម្ពុជាអាច ទូទាត់នៅហាងទំនិញនៅប្រទេសទាំងនេះ ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន។

ទន្ទឹមនេះភ្ញៀវអន្តរជាតិក៏បាននិងកំពុងប្រើប្រាស់ការទូទាត់ឌីជីថលច្រើនជាងមុនផងដែរ តាមរយៈឃ្យូអរកូត ដោយសារកិច្ចខិតខំ
ប្រឹងប្រែងក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេស ក្នុងតំបន់កាន់តែច្រើនឡើងជាលំដាប់៕

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖