(ភ្នំពេញ)៖ គម្រោងបើកជើងហោះហើរត្រង់ទៅមករវាងកម្ពុជា-ឥណ្ឌា ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ នឹងក្លាយជាឱកាសដែលកម្ពុជា ទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបន្ថែម ស្របពេលឆ្នាំនេះ គឺជាឆ្នាំដែលកម្ពុជាបានរៀបចំយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់ពិភពលោក បន្ទាប់ពីចិន ដូច្នេះហើយការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា គឺជាសញ្ញាណល្អមួយ ក្នុងការទាក់ទាញប្រជាជនឥណ្ឌា ធ្វើដំណើរកម្សាន្តមកកម្ពុជា។
លោកបានឱ្យដឹងផងដែរថា បន្ទាប់ពីផែនការនៃការបើកជើងហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌា ត្រូវបានផ្សព្វផ្សាយ សមាគមទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងទទួលបានការសួរនាំច្រើន ពីការចូលមកលេងកម្ពុជាពីសំណាក់ភ្ញៀវឥណ្ឌាទាក់ទងនឹងតម្លៃ និងសេវាកម្មនានា ក៏ដូចជាផលិតផលទេសចរណ៍។ ហើយជាមួយគ្នានេះ ក៏ទទួលបានការកក់នូវកញ្ចប់ទស្សនកិច្ចផងដែរ។
លោកស្រីបន្តថា ប្រសិនបើឥណ្ឌាចាប់អារម្មណ៍ត្រឹមតែ ៥% ទៅ១០% នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍ ខណៈដែលកន្លងមកកម្ពុជា ទទួលបានភ្ញៀវឥណ្ឌាក្នុងកម្រិតមធ្យមប៉ុណ្ណោះ ដោយសារតែគ្មានជើងហោះហើរត្រង់ ហើយអ្នកដែលមានលទ្ធភាពមិនចូលចិត្តការជិះយន្តហោះ ដែលមានផ្ទេរពីមួយទៅមួយនោះទេ ដូច្នេះហើយការហោះហើរត្រង់នេះ នឹងទាក់ទាញដល់ភ្ញៀវ ដែលមានសក្តានុពល និងភ្ញៀវដែលមានលទ្ធភាពច្រើនមកកម្ពុជា។
លោកស្រីបានឱ្យដឹងទៀតថា ថ្មីៗនេះកម្ពុជាក៏ទទួលបានភ្ញៀវទេសចរឥណ្ឌាជាបណ្តើរៗច្រើនដែរ ដោយពួកគេបានមកលេងសាកល្បង តាមច្រកជើងគោកពីប្រទេសជិតខាង។
បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា ភាគច្រើនភ្ញៀវទេសចរឥណ្ឌា ចូលចិត្តតំបន់ទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ ទីតាំងបែបប្រវត្តិសាស្រ្ត តំបន់ឆេ្នរ និងកាស៊ីណូជាដើម។
លោកស្រីបានលើកឡើងថា កន្លងមកលំហូរចូលភ្ញៀវទេសចរឥណ្ឌា មកកម្ពុជាបានតិចតួច ដែលឧបសគ្គធំ គឺដោយសារតែគ្មានការតភ្ជាប់ជើងហោះហើរត្រង់។
ជាមួយគ្នានេះ លោកស្រីបានកត់សម្គាល់ថា មានចំណុចមួយចំនួនទៀត ដែលធ្វើឱ្យលំហូរចូលភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបានតិចតួចគឺ «ការផ្សព្វផ្សព្វនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យប្រជាជនឥណ្ឌាដឹងលឺអំពីកម្ពុជាតិចពេក។ ហើយចំណុចមួយទៀត គឺកង្វះខាតការរៀបចំឱ្យមានទីកន្លែង ប្រារព្ធពីធីសាសនា ព្រោះថាប្រទេសឥណ្ឌា ប្រជាជនរបស់គាត់ភាគច្រើន តាមរយៈសាសនា គឺជាទីផ្សារមួយដ៏ធំ អ៊ីចឹងសម្រាប់កម្ពុជា ត្រូវបានគេដឹងថាគេទីតាំងជាទិសដៅសាសនាហិណ្ឌូ ដ៏ធំមួយបន្ទាប់ពីប្រទេសឥណ្ឌា អ៊ីចឹងគាត់ក៏ចង់មកប្រារព្ធពិធីសាសនាហិណ្ឌូផងដែរ នៅតំបន់ស័ក្កសិទ្ធិរបស់យើង ប៉ុន្តែយើងមិនមានការរៀបចំទីកន្លែងប្រារព្ធពិធី សម្រាប់សាសនាហិណ្ឌូផងទេ។ ហើយចំណុចមួយទៀត គឺអាហារដ្ឋានម្ហូបឥណ្ឌា គឺនៅមានកម្រិតនៅឡើយ ជាពិសេសអាហារដ្ឋានទំហំធំ ដែលអាចទទួលភ្ញៀវក្រុមធំៗបាន។ នេះហើយគឺជាឧបសគ្គសម្រាប់កម្ពុជាយើង អ៊ីចឹងហើយនៅពេលណា ដែលក្រុមធំគេអញ្ជើញមក គឺយើងពិបាកនឹងរកទីតាំងឱ្យគាត់ធ្វើ អាហារដោយខ្លួនឯង»។
លោកស្រីមានប្រសាសន៍ថា ស្របពេលដែលឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលប្រារព្ធយុទ្ធនា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤» លោកស្រីចង់ឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់បដិសណ្ឋាកិច្ច ទៅដល់ភ្ញៀវទេសចរឥណ្ឌា ដែលជាការរួមចំណែកទាក់ទាញភ្ញៀវឥណ្ឌា មកឱ្យបានច្រើន។
លោក ធួន ស៊ីណាន សមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក បានលើកឡើងថា ប្រទេសឥណ្ឌាជាប្រទេស ដែលមានប្រជាជនច្រើន និងមានការដើរទូលំទូលាយ។ ដូច្នេះហើយ ឥណ្ឌា គឺជាទីផ្សារដែលមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា។
លោកបន្តថា «ពេលបានឃើញព័ត៌មានពីការហោះហើរ របស់អង្គរអ៊ែរនេះ គឺជាក្តីរំពឹងថ្មី ហើយជាក្តីស្រមើស្រម៉ៃយ៉ាងធំ សម្រាប់ប្រជាជាតិយើង ហើយយើងខ្ញុំជាឯកជន បានខំប្រឹងតស៊ូមតិរាប់ឆ្នាំទម្រាំតែយើងបានមកដល់សព្វថ្ងៃនេះ។ អ៊ីចឹងសម្រាប់ខ្ញុំវាពិតជាមានសារៈសំខាន់ និងជាក្តីរំពឹងខ្ពស់។...កន្លងមកការហោះហើរមកកម្ពុជា វាមានបញ្ហាទី២ ដែលជាការប្រកួតប្រជែងដ៏លំបាកបំផុតសម្រាប់កម្ពុជា ការប្រកួតប្រជែងលំបាកទី១ គឺការតភ្ជាប់ជើងហោះហើរ គឺការចំណាយទៅលើការតភ្ជាប់មានតម្លៃថ្លៃ ហើយបញ្ហាទី២ គឺ Land Operation ពោលគឺតម្លៃសេវានៅខាងក្នុង ក៏ពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដែរ។ នេះជាគឺជាឧបសគ្គធំ»។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៣ កម្ពុជាទទួលអ្នកដំណើរពីប្រទេសឥណ្ឌា បានប្រមាណ ៦៨ ៧៦៣នាក់ ក្នុងនោះអ្នកដំណើរលក្ខណៈទេសចរណ៍មានជាង ៥ម៉ឺន៥ពាន់នាក់ និងអ្នកចំណើរដែលស្វែងរកការធ្វើធុរកិច្ច ប្រមាណ ១ម៉ឺន៣ពាន់នាក់៕