(ញូវយ៉ក)៖ តម្លៃភាគហ៊ុនក្រុមហ៊ុន Digital World Acquisition បានកើនឡើងជាង ៤០ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ចប់ការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Trump Media & Technology Group (TMTG)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន TMTG គឺជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Truth Social និងជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។

ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Digital World កាលពីថ្ងៃសុក្របានអនុម័តការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន TMTG ដែលនាំឱ្យបញ្ចប់កិច្ចព្រមព្រៀង និងផ្តល់មូលនិធិសម្រាប់លោក ត្រាំ នៅពេលគាត់ប្រឈមនឹងបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងរូបគាត់ ខណៈពេលប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Digital World បានឡើងខ្ពស់ដល់ ៥១,៨ដុល្លារក្នុងមួយហ៊ុន កើនឡើង ៤០,២ភាគរយ និងស្តារការធ្លាក់ចុះថ្លៃមកវិញក្នុងវគ្គជួញដូរកាលពីថ្ងៃសុក្រ នៅពេលដែលភាគហ៊ុននេះបានធ្លាក់ចុះ ១៣,៧ភាគរយនៅពេលបិទការជួញដូរ។ ភាគហ៊ុននិងប័ណ្ណបំណុលប្រភេទ warrants នឹងចាប់ផ្តើមជួញដូរនៅលើផ្សារហ៊ុន Nasdaq នៅថ្ងៃអង្គារសប្តាហ៍នេះក្រោមឈ្មោះជួញដូរ «DJT» និង «DJTWW» រៀងគ្នា។

កិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នានេះផ្តល់ការចាក់បញ្ចូលសាច់ប្រាក់ចំនួន ៣០០លានដុល្លារដល់បណ្តាញសង្គម Truth Social ដែលបានខាតបង់ ១០,៦លានដុល្លារពីប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣ លើប្រាក់ចំណូលចំនួន ៣,៤លានដុល្លារ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា លោក ត្រាំ នឹងកាន់កាប់ភាគហ៊ុនពី ៥៨,១ភាគរយទៅ ៦៩,៤ភាគរយនៅក្នុងក្រុមហ៊ុនដែលបានច្របាច់បញ្ចូលគ្នានេះ។ ភាគហ៊ុនរបស់គាត់មានតម្លៃប្រហែល ៣,៣ពាន់លានដុល្លារ បន្ទាប់ពីម្ចាស់ភាគហ៊ុនបានយល់ព្រមលើកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រនេះ៕