(ប៉េកាំង)៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អ្នកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃអាទិត្យថា ជាមួយនឹងកញ្ចប់កំណែទម្រង់ដ៏ទូលំទូលាយតាមបែបទីផ្សារ សេដ្ឋកិច្ចប្រទេសចិនអាចរីកចម្រើនលឿនជាងសេណារីយ៉ូស្ថានភាពបច្ចុប្បន្ន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីអ្នកស្រី Georgieva ខណៈថ្លែងក្នុងសុន្ទរកថាមួយដែលបានអំពាវនាវឱ្យមានវិធានការធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពវិស័យអចលនទ្រព្យ កាត់បន្ថយហានិភ័យបំណុល និងផ្តោតលើការប្រើប្រាស់ក្នុងស្រុកបន្ថែមទៀតថា៖ «កំណើនបន្ថែមនេះនឹងស្មើនឹងកំណើន ២០ភាគរយនៃសេដ្ឋកិច្ចពិតក្នុងរយៈពេល ១៥ឆ្នាំខាងមុខក្នុងតម្លៃបច្ចុប្បន្ន។ នោះគឺប្រៀបដូចជាការបន្ថែមទឹកប្រាក់ចំនួន ៣,៥ពាន់ពាន់លានដុល្លារដល់សេដ្ឋកិច្ចចិនដូច្នេះដែរ»។ សុន្ទរកថារបស់អ្នកស្រីធ្វើឡើងនៅក្នុងវេទិកាអភិវឌ្ឍន៍ចិនដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃទី២៤ និង ២៥ ខែមីនា ឆ្នាំ២០២៥។

លោកស្រីបានមានប្រសាសន៍ថា វិធានការកាត់បន្ថយសំណង់អគារដែលសាងសង់មិនទាន់រួចរាល់ និងការផ្តល់លំហរបន្ថែមទៀតសម្រាប់ការកែតម្រូវផ្អែកតាមទីផ្សារក្នុងវិស័យអចលនទ្រព្យអាចពន្លឿនដំណោះស្រាយចំពោះបញ្ហាក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្ន និងបង្កើនទំនុកចិត្តអ្នកប្រើប្រាស់និងវិនិយោគិន។

នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បាននិយាយនៅក្នុងសុន្ទរកថាផ្លូវការចុងក្រោយរបស់លោកអំពីវិស័យលំនៅឋានកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្រទេសចិននឹងធ្វើឱ្យគោលនយោបាយអចលនទ្រព្យកាន់តែប្រសើរឡើងបន្ថែមទៀត។ កាលពីដើមខែនេះ លោក លី បានប្រកាសគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥ភាគរយនៅឆ្នាំនេះ ជាគោលដៅដែលអ្នកវិភាគមួយចំនួនបាននិយាយថាមានមហិច្ឆតា។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកស្រី Georgieva បាននិយាយថា ប្រទេសចិនក៏ត្រូវការពឹងផ្អែកបន្ថែមទៀតលើការប្រើប្រាស់ក្នុងស្រុកផងដែរ។ ចិនអាចធ្វើដូច្នេះបានតាមរយៈការបង្កើនប្រាក់ចំណូល ការបង្កើនអំណាចចំណាយរបស់គ្រួសារ និងការពង្រីកប្រព័ន្ធសន្តិសុខសង្គម រួមទាំងប្រព័ន្ធសោធននិវត្តន៍តាម «វិធីប្រកបដោយការទទួលខុសត្រូវផ្នែកសារពើពន្ធ»