(បាងកក)៖ សភាប្រទេសថៃបានអនុម័ត ផែនការចំណាយដែលមានទឹកប្រាក់ជិត ៩៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២៤ ដោយការអនុម័តនេះ យឺតយ៉ាវសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ក្នុងការបង្កើនការចំណាយសាធារណៈ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចធំទីពីរ របស់អាស៊ីអាគ្នេយ៍មួយនេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ថវិកាចំនួន ៣,៤៨ពាន់ពាន់លានបាត សម្រាប់ឆ្នាំសារពើពន្ធ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលាឆ្នាំមុនត្រូវបានបោះឆ្នោតគាំទ្រ ដោយសមាជិកសភាចំនួន ២៩៨នាក់ នៅក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ៥០០នាក់នៅក្នុងការបោះឆ្នោតចុងក្រោយ កាលពីថ្ងៃសុក្រ។ យោងតាមលទ្ធផលបោះឆ្នោតបានឱ្យដឹងថា សមាជិកសភាសរុបចំនួន ១៦៦នាក់បានបោះឆ្នោតប្រឆាំងនឹងច្បាប់ថវិកានេះ ហើយមានសមាជិកសភាម្នាក់ បានបោះឆ្នោតអនុប្បវាទបន្ទាប់ពីមានការជជែកដេញ ដោលរយៈពេលបីថ្ងៃ។

ថវិកាដែលនឹងនាំឱ្យមានឱនភាពហិរញ្ញវត្ថុចំនួន ៦៩៣ពាន់លានបាត ឬស្មើនឹង ៣,៦% នៃផលិតផលក្នុងស្រុកសរុបនេះ នឹងសាកល្បងសមត្ថភាពរបស់រដ្ឋាភិបាលថ្មី ក្នុងការពន្លឿនការចំណាយសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងគ្រាដែលមានការកើនឡើងផលប៉ះពាល់ពីខាងក្រៅ។

ប្រទេសថៃដែលសេដ្ឋកិច្ចរបស់ខ្លួនបានកើនឡើង ក្នុងកម្រិតមធ្យមក្រោម ២% សម្រាប់រយៈពេលមួយទសវត្សរ៍នៅក្នុងតំបន់ ដែលមានកំណើនលើសពី ៤% អាចមើលឃើញការថមថយនៃការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ ក្នុងករណីមានការពន្យារពេលចំណាយថវិកា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕