(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាងកាហ្វេបានក្លាយជាមុខជំនួញដ៏ពេញនិយមមួយនៅកម្ពុជា មិនថាតែក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានោះទេ ខណៈចំនួនអ្នកចូលចិត្តទទួលទានកាហ្វេក៏មានច្រើនគួរកត់សម្គាល់ ជាពិសេសមនុស្សវ័យជំទង់។ ហេតុនេះហើយបាន គេសង្កេតឃើញហាងកាហ្វេបានរីកជាបន្តបន្ទាប់។
កញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee បានលើកឡើងថា បើទោះបីជាគេសង្កេតឃើញថា ហាងកាហ្វេមានច្រើនហើយក៏ដោយ ប៉ុន្តែកញ្ញានៅតែមើលឃើញថា ការវិនិយោគលើហាងកាហ្វេ នៅតែមានឱកាស ដោយសារប្រជាជនចូលចិត្តអ្វីដែលថ្មី។
កញ្ញា ស៊ូ មុន្នីពេជ្យ បានពន្យល់បន្ថែមថា «នៅក្នុងទីផ្សារយើងមើលឃើញថា ពួកគាត់អាចជ្រៀតចូលដណ្តើមចំណែកទីផ្សារបាន បើសិនយើងមានគំនិតអីថ្មី គំនិតប្លែក ឬក៏រសជាតិណាមួយទៀត ដែលគិតថាប្រជាជនរបស់យើងអាចទទួលយកបាន ខ្ញុំគិតថានៅតែមានកន្លែងដើម្បីវិនិយោគបង្កើតអាជីវកម្មកាហ្វេនេះបាន»។
ជាការពិតណាស់ហាងកាហ្វេមិនត្រឹមតែជាកន្លែងដែលអាចញ៉ាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលមនុស្សម្នាអាចទៅជួបមិត្តភ័ក្រ្តជជែកកម្សាន្ត អានសៀវភៅ និយាយការងារ និងជាកន្លែងបំបាត់ស្រ្តេសជាដើម ហេតុដូច្នេះហើយបានជាហាងកាហ្វេថ្មីៗដែលបង្កើតឡើងតែងតែឌីហ្សាញទៅតាមប្រភេទនៃចំណង់ចំណូលចិត្តរបស់យុវវ័យ ដើម្បីទាក់ទាញភ្ញៀវទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន។ ជាមួយគ្នានេះ ការច្នៃប្រឌិតនូវប្រភេទភេសជ្ជៈថ្មីៗ ក៏ជាចំណុចទាក់ទាញអតិថិជនមួយផ្នែកដែរ ដោយសារតែយុវវ័យភាគច្រើនចូលចិត្តសាករសជាតិថ្មី។
ស្របពេលកញ្ញា នៅតែមើលឃើញពីឱកាសនៃការវិនិយោគបើកហាងកាហ្វេ នៅឆ្នាំ២០២៤នេះ Tube Coffee ក៏មានគម្រោងពង្រីកសាខាចំនួន១០ទៀតផងដែរ៕
សូមស្តាប់ការពងន្យល់បន្ថែមរបស់កញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee៖