(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ថ្មីមួយទៀត ដើម្បីពង្រឹងក្រមសីលធម៌ ការធ្វើសវនកម្មរបស់មន្រ្តីពន្ធដារ ក៏ដូចជាសម្រាប់ការស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់។
លោក គង់ វិបុល លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និង កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។
លោកបានលើកឡើងយ៉ាងដូច្នេះថា «ការពង្រឹងក្រមសីលធម៌របស់មន្រ្តីពន្ធដារ ការពង្រឹងឱ្យល្អប្រសើរឡើងវិញ នូវការធ្វើសវនកម្ម ការពង្រឹងយន្តការ និងបទបញ្ញត្តិនានា ឱ្យមានការព្យាករណ៍ទុកមុនឱ្យមានភាពច្បាស់លាស់ យើងក្នុងនាមជាអង្គភាពផ្ទាល់ បានរៀបចំនូវ SOP ថ្មីទៀតបន្ថែម ទៅលើអ្វីនៃបទបញ្ញត្តិ ដែលមានជាធរមាន តាមការណែនាំរបស់សម្តេចមហាបរវធិបតី ក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
គម្រោងដាក់ចេញនូវ SOP ថ្មីមួយទៀតនេះ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលបានផ្តល់ធាតុចូល នៅក្នុងការពន្យល់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យ SOP ថ្មីនេះ កាន់តែមានភាពច្បាស់លាស់ នៅក្នុងការធ្វើសវនកម្ម និងការអនុលោមភាពរបស់វិស័យឯកជន។
លោកបានឱ្យដឹងថា ការពិគ្រោះទៅលើ SOP ថ្មីមួយទៀតនេះ បានធ្វើឡើងចំនួន ២ដងរួចមកហើយ នៅក្នុងកម្រិតអគ្គនាយកដ្ឋានពន្ធដារ និងកម្រិតក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដើម្បីកែលម្អនៃធាតុចូលរបស់វិស័យឯកជន ដែលធ្លាប់បានជួបបញ្ហាប្រឈម ខណៈដែលកន្លងមកលោកបានពិនិត្យឃើញថា ការធ្វើសវនកម្ម មានត្រួតគ្នាច្រើនជាមួយវិស័យឯកជន ដែលពេលខ្លះវាក្លាយទៅជាការដាក់បន្ទុកធ្ងន់ ទៅលើវិស័យឯកជន។
លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា នៅក្នុងខែនេះ យើងត្រូវបានចេញនូវ SOP ហ្នឹង ហើយទាំង SOP ខាងស៊ើបអង្កេតបទល្មើសពន្ធដារផងដែរ ព្រោះការស៊ើបអង្កេតវាមានផ្នែកមួយទៀត នៅក្នុងការសហការជាមួយអង្គភាព សម្អាតប្រាក់ផងដែរ។ យើងមានហើយ SOP ពីមុនមកពីរឿងការសម្អាតប្រាក់ ប៉ុន្តែយើងកែលម្អថែមទៀត ដើម្បីឱ្យមានភាពល្អប្រសើរ យើងក៏បានពិគ្រោះយោបល់ជាមួយវិស័យឯកជន ជាពិសេសឧកញ៉ា សុខ ពិសិដ្ឋ និងក្រុមការងាររបស់គាត់បានធ្វើផ្តល់ធាតុចូលជាច្រើនផងដែរ។ អ៊ីចឹងភាពច្បាស់លាស់ នៃការធ្វើសវនកម្ម និងការស៊ើបអង្កេតនេះ»៕