(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះតទៅ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ទៅមករវាងភ្នំពេញ-វៀងចន្ទន៍ ដោយជើងដំបូងនេះ កម្ពុជាបានស្វាគមន៍អ្នកដំណើរជាង ១០០នាក់ពីឡាវ។ នេះបើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ជើងហោះហើរដំបូងនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហ៊ុល សិលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយនឹងភាគីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានជូនជា ក្រម៉ា បាច់ផ្កា និងភួងម្លិះ ដល់ភ្ញៀវទេសចរទាំងអស់គ្នា។

បើតាមលោក ស៊ីន ចាន់សេរីវុត្ថា អ្នកដំណើរមកពីវៀងចន្ទន៍ ក្នុងជើងហោះហើរដំបូង ដែលមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញ មានចំនួន១១៦នាក់ និងអ្នកដំណើរពីភ្នំពេញទៅវៀងចន្ទន៍ មានចំនួន៨៦នាក់។

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះមានប្រសាសន៍ថា ការតភ្ជាប់ជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ គឺជាសញ្ញាវិជ្ជមានមួយដ៏ធំធេង សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធុរកិច្ច ពាណិជ្ជករ វិនិយោគិន និងបង្កើនទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែម ឱ្យមកទស្សនានៅកម្ពុជា។

សម្រាប់ការតភ្ជាប់ហោះហើរឡើងវិញនេះ នឹងធ្វើការហោះហើរក្នុងមួយសប្តាហ៍ចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០។ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement)។

ការប្រកាសភ្ជាប់ជើងហោះហើរត្រង់ឡើងវិញនេះ គឺធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ថង លុនស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ កាលពីឆ្នាំ២០២៣កន្លងទៅនេះ ភ្ញៀវទេសចរឡាវ ដែលបានមកលេងកម្ពុជាមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០២% ដែលធ្វើឱ្យឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាច្រើនជាងគេ៕