(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដកហូតពន្ធលើរថយន្ត ដែលផលិតដោយក្រុមហ៊ុនចិន នៅប្រទេសម៉ិកស៊ិក ក្នុងអត្រា ១០០% ពោលគឺកើនឡើងទ្វេដងធៀបនឹងអ្វីដែលអតីតប្រធានាធិបតីអាមេរិករូបនេះ បាននិយាយកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក ត្រាំ បានសំដៅដោយផ្ទាល់ ទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការនយោបាយនៅទីក្រុងដេតុន រដ្ឋអូហាយយ៉ូកាលពីថ្ងៃសៅរ៍ នៅពេលគំរាមដកហូតពន្ធនេះ។

លោក ត្រាំ ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «រោងចក្រផលិតរថយន្តធំៗទាំងនោះ ដែលអ្នកកំពុងផលិតក្នុងប្រទេសម៉ិកស៊ិកឥឡូវនេះ ហើយអ្នកគិតថា អ្នកនឹងទទួលបានផលពីវា។ មិនជួលជនជាតិអាមេរិក ហើយអ្នកនឹងលក់រថយន្តឱ្យយើងទៀត។ មិនអាចទេ»

លោកបានបន្ថែមថា៖ «យើងនឹងដកហូតពន្ធ ១០០% លើគ្រប់រថយន្តដែលចូលមកក្នុងទឹកដីអាមេរិក»

លោកបានបន្តថា វានឹងក្លាយជា «ការបង្ហូរឈាម» ប្រសិនបើលោកមិនបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។

យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ចូ បៃឌិន បានរិះគន់សុន្ទរកថារបស់លោក ត្រាំ ដោយបានលើកឡើងពីការវាយប្រហារ ដោយក្រុមកុបករទៅលើវិមានកាពីតូល របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោក ត្រាំ បានចាញ់ការបោះឆ្នោតឡើងវិញជាលើកដំបូងរបស់គាត់។

លោក James Singer អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក បៃឌិន បាននិយាយថា៖ «នេះហើយគឺជាលោក ដូណាល់ ត្រាំ។ ជាអ្នកចាញ់សំឡេងឆ្នោតរហូតដល់ជាង ៧លានសំឡេង ហើយបន្ទាប់មកបានអំពាវនាវដល់អ្នកគាំទ្រ ឱ្យចូលរួមសកម្មភាពគំរាមកំហែង អំពើហិង្សានយោបាយរបស់គាត់»

លោកបានបន្ថែមថា៖ «គាត់ចង់ឱ្យមានថ្ងៃទី៦ ខែមករាម្តងទៀត ប៉ុន្តែប្រជាជនអាមេរិកនឹងផ្តល់ឱ្យគាត់នូវការបរាជ័យ ក្នុងការបោះឆ្នោតម្តងទៀតនៅខែវិច្ឆិកានេះ ពីព្រោះពួកគេបន្តបដិសេធភាពជ្រុលនិយមរបស់គាត់ ការស្រលាញ់អំពើហិង្សារបស់គាត់ និងការស្រេកឃ្លានការសងសឹករបស់គាត់»

កាលពីដើមខែនេះ លោក ត្រាំ បានគំរាមដកហូតពន្ធ ៥០% លើរថយន្តចិន។ គាត់ក៏បានលើកឡើងពីការដកហូតពន្ធរហូតដល់ ៦០% លើទំនិញចិនទាំងអស់ និង១០% លើទំនិញដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ គាត់បាននិយាយថា គាត់មិនព្រួយបារម្ភអំពីវិធានការសងសឹកពីប្រទេសចិន ឬប្រទេសដទៃទៀតទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕