(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា (AirAsia) នឹងចាប់ផ្តើមបើកការហោះហើរនៅស្រុក ចាប់ពីដើមខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ សម្រាប់គោលដៅចំនួន៣ គឺភ្នំពេញ-សៀមរាប និងក្រុងព្រះសីហនុ ដើម្បីជំរុញការហោះហើរក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។
លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា តាមរយៈយុទ្ធសាស្រ្តទីផ្សារ និងភាពទាក់ទាញរបស់ក្រុមហ៊ុន AirAsia នឹងជំរុញនូវកំណើនជើងហោះហើរ និងចំនួនអ្នកដំណើរក្នុងស្រុកឱ្យកើនឡើង ស្របពេលដែលតម្លៃនៃការហោះហើរ របស់ក្រុមហ៊ុននេះ ស្ថិតក្នុងកម្រិតទាបសមរម្យ ដែលប្រជាជនកម្ពុជាមួយចំនួន មានលទ្ធភាពអាចធ្វើដំណើរតាមផ្លូវអាកាសបាន។
លោកបន្ថែមថា តាមផែនការនៅសប្តាហ៍ទី៣ នៃខែឧសភា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏នឹងចាប់ផ្តើមពង្រីកជើងហោះហើរ ទៅក្រៅប្រទេសថែមទៀតផងដែរ។
តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ។
តាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា ក្រុមហ៊ុននឹងចាប់ផ្តើមបើកលក់សំបុត្រនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះតទៅ ជាមួយនឹងជើងហោះហើរសម្ពោធចាប់ពីថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ តទៅ៕