(ភ្នំពេញ)​៖ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាមានទឹកប្រាក់សរុបចំនួន ១.៨១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។ នេះបើតាមព្រឹត្ដិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន១.៨១ប៊ីលានដុល្លារអាមេរិក សមមូលនឹង១,៣៣៩.២២ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៧៩% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥៧% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៤៣%»។

បន្ថែមពីនោះទៀត ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៧៧៩.៦២លានដុល្លារអាមេរិក សមមូលនឹង ៥៧៨.១៥លានអេសដេអ៊ែ។

បើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច, ទិន្នន័យខាងលើនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆ្នាំ២០២៣នេះ មានការថយចុះប្រមាណ១៦%។

ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា «ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤៥%»

ក្រសួងសេដ្ឋកិច្ចបានបន្ថែមថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ជាមួយគ្នានេះ គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈរបស់កម្ពុជាមានសរុបចំនួន ១១.២៤ប៊ីលានដុល្លារ ក្នុងនោះ៖ ៩៩.៥% ត្រូវនឹងប្រមាណ១១.១៩ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ៦៤% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦%) និង០.៥% ត្រូវនឹងប្រមាណ ៥២.៣៩លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃ ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។

ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានទូទាត់សេវាបំណុលសរុបចំនួន ៥១៩.៧០លានដុល្លារអាមេរិក រួមមាន៖ ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមានចំនួនប្រមាណ ៤៩៥.២៦ លានដុល្លារ ក្នុងនោះ ប្រាក់ដើម ៣៧៩.៦៧លានដុល្លារអាមេរិក និងការប្រាក់ និងកម្រៃផ្សេងៗ ១១៥.៦០លានដុល្លារ និងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ២៤.៤៤លានដុល្លារ ក្នុងនោះប្រាក់ដើម ២៣.២៩លានដុល្លារ និងការប្រាក់១.១៥ លានដុល្លារអាមេរិក។ ដោយឡែកបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ការទូទាត់សេវាបំណុល នៅក្នុងឆ្នាំ២០២៣ មានកំណើនប្រមាណ ១២%៕