(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិនបានបង្ហាញប្រាក់ចំណូលប្រហែល ១៦ពាន់លានដុល្លារកាលពីឆ្នាំមុននៅសហរដ្ឋអាមេរិក ខណៈកម្មវិធីវីដេអូដ៏ពេញនិយមមួយនេះស្ថិតក្នុងហានិភ័យរងការហាមឃាត់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance មានចំនួន ១២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើងប្រហែល ៤០ភាគរយធៀបនឹងឆ្នាំ២០២២ ដែលជំរុញដោយកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុន TikTok ទោះបីជាប្រទេសចិនមានចំណែកធំនៃការលក់របស់ក្រុមហ៊ុននេះក៏ដោយ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សេចក្ដីរាយការណ៍របស់សារព័ត៌មាន Financial Times (FT) បានរាយការណ៍ករណីនេះដោយដកស្រង់សម្ដីមនុស្សប្រាំនាក់ដែលបានដឹងពីប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance។

កម្មវិធីវីដេអូខ្លីអនឡាញដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០លាននាក់ សម្រេចបានការលក់ខ្ពស់បំផុតមិនធ្លាប់មាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីរាយការណ៍ដដែលនេះ។

សេចក្ដីរាយការណ៍ដដែលនេះបានបន្ថែមថា ByteDance ដែលមានរហស្សនាមថាថា App Factory ដោយសារតែការចេញកម្មវិធីទូរស័ព្ទញឹកញាប់របស់ខ្លួន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការវ៉ាដាច់ក្រុមហ៊ុន Facebook ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Meta ក្នុងនាមជាក្រុមហ៊ុនបណ្តញទំនាក់ទំនងសង្គមធំបំផុតរបស់ពិភពលោកបើគិតពីការលក់។

ប្រាក់ចំណូលឆ្នាំ២០២៣ របស់ក្រុមហ៊ុន Meta បានកើនឡើង ១៦ភាគរយដល់ ១៣៤,៩ពាន់លានដុល្លារ។

សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានអនុម័តច្បាប់ក្នុងសំឡេងលើសលុប ដែលនឹងផ្តល់ឱ្យក្រុមហ៊ុន ByteDance រយៈពេលប្រហែល ៦ខែដើម្បីលក់ភាគហ៊ុនក្នុងក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិកបើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កម្មវិធី TikTok គឺជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដែលត្រូវបានទាញយកច្រើនបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ពោលគឺទាញយកចំនួន ៤៧លានដង។ កម្មវិធី Facebook និង Instagram បានជាប់ចំណាត់ថ្នាក់លេខ២ និងទី៣ ដោយមានការទាញយក ៣៥លាន និង ៣៤លានដងរៀងគ្នា នេះបើយោងតាមក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower៕