(ភ្នំពេញ)៖ ការបើកដំណើរការអាជីវកម្ម ក្រុមហ៊ុន សហគ្រាស មិនមែនជារឿងងាយស្រួលនោះ ហើយគេសង្កេតឃើញថា មានក្រុមហ៊ុនថ្មីៗជាច្រើន បើកដំណើរការរួចហើយ ក៏ត្រូវបានបិទអាជីវកម្មទៅវិញ។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel ដែលផលិតឱសថ និងផលិតចំណីអាហារ បានបើកដំណើរការសហគ្រាសអស់រយៈពេលជិត៣០ឆ្នាំ លើកឡើងថា ការបើកដំណើរការក្រុមហ៊ុន ឬសហគ្រាសមួយ ប្រៀបដូចជាការចិញ្ចឹមកូនក្មេង ដែលមានទាមទារឱ្យមានការមើលថែរក្សាឱ្យបានដិតដល់ ជាពិសេសនៅក្នុងរយៈពេលបីឆ្នាំដំបូង ហើយកុំគិតថា បើកក្រុមហ៊ុន ឬសហគ្រាសថ្ងៃនេះ ចង់ធ្វើអ្នកមានស្អែក។
លោកបានពន្យល់ថា ក្នុងការបើកដំណើរការក្រុមហ៊ុន ឬសហគ្រាសមួយ មិនមែនបើកថ្ងៃនេះ អាចធ្វើអ្នកមានស្អែកបាននោះទេ ព្រោះការបើកដំណើការក្រុមហ៊ុនតែងតែមានឧបសគ្គ ហើយពេលខ្លះចំណូលដែលទទួលបាន គឺមិនដូចការរំពឹងទុករបស់យើងនោះទេ។ ហេតុដូច្នេះហើយម្ចាស់ក្រុមហ៊ុន សហគ្រាស ជាពិសេសសហគ្រាសថ្មីថ្មោង ត្រូវតែរៀបចំផែនការគិតទុកជាមុន ថាតើនៅពេលមានបញ្ហា ឬទទួលបានចំណូលទាប អាចរស់បានដោយរបៀបណា?
លោកបន្ថែមថា ជាក់ស្តែងឃើញថា ស្ថានភាពសង្គមតែងតែប្រែប្រួល ដែលយើងមិនអាចដឹងមុនបាន ដូចជាករណីជំងឺកូវីដ១៩ បញ្ហាសង្រ្គាមរុស្ស៊ី អ៊ុយក្រែនជាដើម ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងប៉ះពាល់ដល់អាជីវកម្មជាច្រើន ហេតុនេះហើយ យើងត្រូវរៀបចំយុទ្ធសាស្រ្ត ដើម្បីទប់ទល់ជាមួយស្ថានការណ៍ទាំងនេះ ដែលមានន័យថា នៅពេលបើកដំណើរការហើយ មិនដំណើរការដូចយើងបានគិត តើយើងអាចរស់បានទេ នេះគឺជាចំណុចដែលម្ចាស់អាជីវកម្មត្រូវតែគិត៕
សូមទស្សនាការពន្យល់បន្ថែមរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ៖