(កូឡុំបូ)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ២,៣ភាគរយក្នុងឆ្នាំ២០២៣ ខណៈដែលប្រទេសដីកោះមួយនេះបានតស៊ូជម្នះចាកចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយនាយកដ្ឋានជំរឿននិងស្ថិតិរបស់ប្រទេសស្រីលង្កាថា បើទោះជាសេដ្ឋកិច្ចប្រចាំឆ្នាំបានធ្លាក់ចុះក៏ដោយ ក៏សេដ្ឋកិច្ចបានកើនឡើង ៤,៥ភាគរយនៅក្នុងត្រីមាសទី៤ ដែលបង្ហាញថាសេដ្ឋកិច្ចចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆ្នាំនេះ។

វិស័យកសិកម្មរបស់ប្រទេសស្រីលង្កាបានកើនឡើង ២,៦ភាគរយធៀបនឹងឆ្នាំ២០២២ ប៉ុន្តែទិន្នផលឧស្សាហកម្មបានធ្លាក់ចុះ ៩,២ភាគរយ ខណៈដែលវិស័យសេវាកម្មធ្លាក់ចុះ ០,២ភាគរយ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា៖ «កំណើនសេដ្ឋកិច្ចទទួលបានអត្ថប្រយោជន៍ពីការឡើងថ្លៃរូបិយប័ណ្ណ ការកើនឡើងការផ្ទេរប្រាក់ចូលក្នុងប្រទេស និងប្រាក់ចំណូលទេសចរណ៍កាន់តែប្រសើរឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ ដែលជំរុញឱ្យមានអារម្មណ៍វិជ្ជមានចំពោះសេដ្ឋកិច្ច»។

សេដ្ឋកិច្ចស្រីលង្កាបានធ្លាក់ចុះ ៧,៨ភាគរយក្នុងឆ្នាំ២០២២ ដោយសារវិបត្តិប្តូរប្រាក់បរទេសធ្ងន់ធ្ងរ គួបផ្សំនឹងអស្ថិរភាពនយោបាយដែលបានធ្វើឱ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះ អតិផរណាកើនឡើង និងអត្រាការប្រាក់ស្ទុះងើប។

ដោយសារមានជំនួយសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិចំនួន ២,៩ពាន់លានដុល្លារ ដែលទទួលបានកាលពីខែមីនាឆ្នាំមុន សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានចាប់ផ្តើមដើរទៅរកផ្លូវស្ទុះងើបឡើងវិញ ហើយត្រូវបានរំពឹងថានឹងកើនឡើង ១,៨ភាគរយនៅឆ្នាំនេះ។

លោក Dimantha Mathew ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន First Capital បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យថា៖ «យើងរំពឹងថា ការស្ទុះងើបឡើងវិញនឹងមានភាពរឹងមាំនៅក្នុងឆមាសទីពីរឆ្នាំនេះដែលជំរុញដោយវិស័យនានា ដូចជាទេសចរណ៍ និងសេវាកម្មហិរញ្ញវត្ថុ»។ លោកបានបន្ថែមថា៖ «អត្រាការប្រាក់ទាប និងថមថយអត្រាអតិផរណាក៏នឹងផ្តល់ឱ្យប្រជាជននូវប្រាក់ចំណូលកាន់តែច្រើន និងបង្កើនការប្រើប្រាស់ផងដែរ»៕