(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោកស្រី សេដ្ឋា ថាវីស៊ីន បានឱ្យដឹងនៅសប្តាហ៍នេះថា ប្រទេសថៃរំពឹងថានឹងបញ្ចប់ការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុបនៅឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមទាក់ទាញពាណិជ្ជកម្ម និងការវិនិយោគដើម្បីជំរុញសេដ្ឋកិច្ច។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ដែលបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយបន្ទាប់ពីបានជួបជាមួយ ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំងថា កិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុប គួរតែបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កិច្ចពិភាក្សាអំពីពាណិជ្ជកម្មសេរីនេះ បានបន្តចរចាឡើងវិញកាលពីឆ្នាំមុន បន្ទាប់ពីបានជាប់គាំងអស់រយៈពេលជិតមួយទសវត្សរ៍។ សហភាពអឺរ៉ុបបានផ្អាកការចរចា នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិល នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ប្រទេសថៃបាននាំចេញទំនិញតម្លៃ ២១,៨ពាន់លានដុល្លារ ទៅកាន់សហភាពអឺរ៉ុបកាលពីឆ្នាំមុន រួមទាំងរថយន្ត កុំព្យូទ័រ គ្រឿងអលង្ការ និងសៀគ្វីអគ្គិសនី ដែលធ្វើឱ្យប្លុកនេះក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទីបួនរបស់ថៃ។
លោក សេដ្ឋា បាននិយាយថា លោកប្រធានាធិបតីបារាំង ម៉ាក្រុង នឹងគាំទ្រសំណើរបស់ប្រទេសថៃ សុំឱ្យលើកលែងទិដ្ឋាការពីសមាជិករដ្ឋ Schengen ដោយលោកបានបន្ថែមថា សំណើនេះនឹងត្រូវបានពិចារណាបន្ទាប់ពីខែមិថុនា ហើយសង្ឃឹមថានឹងបញ្ចប់នៅចុងឆ្នាំនេះ។ លោក ម៉ាក្រុង ក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃនៅឆ្នាំក្រោយដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕