(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការផ្តល់អត្តប្រយោជន៍ពិសេស ជូនវិនិយោគិន និងធុរជន» ស្ថិតក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីសមាជិកក្រុមការងារ មន្ត្រីជុំវិញខេត្ត និងវិស័យឯកជន ដែលរួមមានវិនិយោគិន និង ធុរជនពីសភាពាណិជ្ជកម្ម, សមាគម, ក្រុមហ៊ុនតាមបណ្តាកោះ និងឆ្នេរ, ក្រុមហ៊ុនម្ចាស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ម្ចាស់អគារជាប់គាំងសរុបប្រមាណ ១៨០នាក់។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ពន្យល់ច្បាស់ និងត្រឹមត្រូវអំពីកម្មវិធីពិសេស, លើកទឹកចិត្ត និងជំរុញវិនិយោគិន និង ធុរជនដាក់ពាក្យស្នើ និងរៀបចំជំនួបធុរកិច្ច សម្រាប់ការទទួលបានអត្ថប្រយោជន៍ពិសេស។
ថ្ងៃនេះ ក្រុមការងាររៀបចំជាកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីធ្វើឱ្យមានលក្ខណៈសាមញ្ញ និងបង្កលក្ខណៈងាយស្រួល ដល់អ្នកចូលរួម ពិសេសវិនិយោគិន និងធុរជន អាចចូលរួមក្នុងការលើកឡើងនូវមតិ ឬសំណួរ និងការស្នើផ្សេងៗ ដោយចំហរដោយត្រង់ៗ ដើម្បីជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ។
ជាមួយនេះ ក្រុមការងារ និងមន្ត្រីជំនាញពីក្រសួងស្ថាប័ន ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះ ដើម្បីផ្តល់ព័ត៌មាន, ប្រឹក្សាយោបល់ និង ជួយសម្របសម្រួល សំដៅដោះស្រាយសំណូមពរ និងបង្កបរិយាសល្អប្រសើរ ពិសេសការបង្កើនជំនឿទុកចិត្តវិនិយោគ។
បណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលស្នើសុំ និងអនុវត្តក្នុងឆ្នាំ ២០២៤ ដោយផ្តោតលើគម្រោងបីប្រភេទគឺ៖
១៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង និង ៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។ ដោយផ្អែកលើប្រភេទគម្រោងទាំងនេះ, រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធ និង ការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេស ។
យោងតាមកម្មវិធីពិសេស, ជារួមការលើកទឹកចិត្តផ្នែកសារពើពន្ធមានដូចខាងក្រោម៖
១៖ ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជាពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និង កម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ
២៖ ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធប្រចាំខែ និង ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ
៣៖ ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មក្នុងស្រុកសម្រាប់ការបញ្ចប់ ឬ ជួសជុលអគារដែលសង់មិនទាន់រួចរាល់ ឬ ធាតុចូលផលិតកម្មក្នុងស្រុក
៤៖ ការលើកលែងពន្ធកាត់ទុកលើការជួលអចលនវត្ថុ និង
៥៖ ការលើកលែងពន្ធលើអចលនទ្រព្យ និង ការពិន័យរដ្ឋបាលសម្រាប់ឆ្នាំ ២០១៦-២០២៥ ។
ជាមួយនេះ, រាជរដ្ឋាភិបាលក៏ផ្តល់ការលើកទឹកចិត្តមិនមែនពន្ធ ដែលមានដូចខាងក្រោម៖
១៖ ការលើកលែងការបង់ថ្លៃសេវាសាធារណៈនៃការស្នើលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋាន និង លិខិតបិទការដ្ឋាន និង វិញ្ញាបនប្រើប្រាស់សំណង់,
២៖ ការសម្រួលនីតិវិធីលើការចុះបញ្ជី រួមទំាងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង ការចុះបញ្ជីសហគ្រាស,
៣៖ ការសម្របសម្រួលចំពោះនីតិវិធីដែលពាក់ព័ន្ធចំពោះធុរកិច្ច និង ការវិនិយោគ,
៤៖ ការសម្របសម្រួលការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅតុលាការ,
៥៖ ការផ្តល់ទិដ្ឋាការរយៈពេល ៣ ឆ្នាំសម្រាប់ការទិញ ឬ ជួលរយៈពេលវែងនៃទ្រព្យសម្បត្តិ ដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាមេរិក និង
៦៖ ការពន្លឿននីតិវិធីគយនៅពេលភ្ញៀវមកដល់ និង ត្រឡប់ទៅវិញ។
បណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីពិសេសនេះ ទទួលបានជោគជ័យក៏អាស្រ័យទៅលើការចូលរួម និង ការជឿទុកចិត្តពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលថានឹងគាំទ្រដល់វិស័យឯកជន យ៉ាងពិតប្រាកដ និងពេញលេញ។
ក្រុមការងារដែលត្រូវបានចាត់តាំងដោយរាជរដ្ឋាភិបាលឱ្យដឹកនាំ និងសម្របសម្រួលការអនុវត្តកម្មវិធីពិសេសនេះ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីអនុវត្តកម្មវិធីពិសេសនេះយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធានាថា វិស័យឯកជននឹងទទួលបានអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល។ ទន្ទឹមនេះ, ក្រុមការងារនឹងរង់ចាំគាំទ្រ និងជួយវិនិយោគិន និងធុរជន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ឬធ្វើសកម្មភាពធុរកិច្ច នៅក្នុងខេត្តព្រះសីហនុ។
ក្នុងស្មារតីនេះ, ធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋានផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០៕