(ភ្នំពេញ)៖ នៅរយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមទិន្នន័យដដែលនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ប្រមាណជាង ៣.៩លានដុល្លារ កើនឡើង២២.៧% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ៤.១ពាន់លានដុល្លារ កើនឡើង១៦.១%។
ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម។
ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន ចិនដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ២.១ពាន់លានដុល្លារ, វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ១.៤ពាន់លានដុល្លារ, អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១.៣ពាន់លានដុល្លារ, ថៃ សម្រេចបានទំហំពាណិជ្ជកម្ម ៧៥០លានដុល្លារ, ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្ម ៣២៥លានដុល្លារ, ឥណ្ឌូនេស៊ី សម្រេចបានទំហំពាណិជ្ជកម្ម ១៩១ លានដុល្លារ, កាណាដា សម្រេចបានទំហំពាណិជ្ជកម្ម ១៦៧លានដុល្លារ, អង់គ្លេស សម្រេចបានទំហំពាណិជ្ជកម្ម១៤២លានដុល្លារ និងបណ្តាប្រទេសមួយចំនួនទៀត៕