(សិង្ហបុរី)៖ ក្រុមសេដ្ឋវិទូបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ច ប្រចាំត្រីមាសទីមួយ របស់ប្រទេសសិង្ហបុរី ដោយសេដ្ឋវិទូមួយចំនួនបានបង្ហាញថា កំណើនមួយផ្នែកនឹងទទួលបានការជំរុញពីការប្រគុំតន្ត្រី ៦លើករបស់តារាចម្រៀង Taylor Swift ដែលធ្វើឡើងក្នុងប្រទេសនេះ។
កាសែត Channel News Asia បានរាយការណ៍ថា យោងតាមការស្ទង់មតិជាមធ្យមរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករថា នឹងកើនឡើង ២,៩ភាគរយក្នុងរយៈពេលបីខែដំបូង ក្នុងឆ្នាំ២០២៤នេះ ដែលជាកម្រិតលឿនបំផុតក្នុងរយៈពេល ៦ត្រីមាស។
ក្រុមសេដ្ឋវិទូក៏បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំដល់ ២,៥ភាគរយផងដែរ ធៀបនឹងការព្យាករមុនដែលមានតែ ២,៣ភាគរយផងដែរ។ ការព្យាករនេះកំពុងខិតជិត ទៅរកអត្រាកម្រិតខ្ពស់បំផុតនៃការព្យាកររបស់រដ្ឋាភិបាលសិង្ហបុរី ដែលថានឹងកើនឡើងពី ១ ទៅ ៣ភាគរយសម្រាប់ឆ្នាំ២០២៤។
សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ តួលេខផ្លូវការបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរីបានកើនឡើង ២,២ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ពោលគឺទាបជាងការព្យាករដែលមាន ២,៩ភាគរយ ប៉ុន្តែកើនឡើងពីកំណើន ១ភាគរយនៅក្នុងត្រីមាសទីបីឆ្នាំ២០២៣។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ សេដ្ឋកិច្ចបានកើនឡើង ១,១ភាគរយ ដែលជាកម្រិតទាបជាងការប៉ាន់ស្មាន របស់រដ្ឋាភិបាលកន្លងមកដែលមាន ១,២ភាគរយ។
ប្រទេសសិង្ហបុរី គឺជាទីសំចតតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការប្រគុំតន្រ្តីទេសចរណ៍ Swift's Eras Tour បន្ទាប់ពីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរី សម្រេចបានកិច្ចព្រមព្រៀងផ្តាច់មុខជាមួយតារាចម្រៀងអាមេរិក Taylor Swift។ សំបុត្រចូលទស្សនាជាង ៣សែនសំបុត្រត្រូវបានលក់ចេញសម្រាប់កម្មវិធីតន្រ្តីចំនួន ៦លើករបស់តារារូបនេះ នៅពហុកីឡដ្ឋានជាតិសិង្ហបុរីគិតត្រឹមថ្ងៃទី៩ ខែមីនា ដោយអ្នកគាំទ្រជាច្រើន ដែលធ្វើដំណើរមកពីប្រទេស និងទីក្រុងផ្សេងៗ។
លោក Chua Han Teng សេដ្ឋវិទូនៃធនាគារ DBS បានប្រាប់កាសែត CNA កាលពីថ្ងៃចន្ទថា ការប្រគុំតន្ត្រីនេះត្រូវបានប៉ាន់ប្រមាណថានឹងបន្ថែមទឹកប្រាក់ប្រហែលពី ៣០០លានដុល្លារសិង្ហបុរី (២២៥លានដុល្លារអាមេរិក) ទៅ ៤០០លានដុល្លារសិង្ហបុរី ឬ ០,២ភាគរយនៃ ផ.ស.ស ដល់សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងត្រីមាសទីមួយ។
លោកបានកត់សម្គាល់ថា ការប្រគុំតន្រ្តីរបស់ Taylor Swift ផ្តល់អត្ថប្រយោជន៍ដល់វិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈរបស់ប្រទេសសិង្ហបុរី ក៏ដូចជាវិស័យលក់រាយផងដែរ។ លោក Chua បានបន្ថែមថា ការប្រគុំតន្ត្រីបន្តផ្ទាល់ និងការសម្តែងដោយសិល្បករល្បីៗនានាដូចជា Taylor Swift គឺជាកត្តាទាក់ទាញមួយដោយទាក់ទាញ «អ្នកគាំទ្រទៅកាន់ទិសដៅនានា ជុំវិញពិភពលោកយ៉ាងគគ្រឹកគគ្រេង»។
លោកបានបន្តថា៖ «ព្រឹត្តិការណ៍ដ៏ពេញនិយមទ្រង់ទ្រាយធំបែបនេះ នឹងជួយជំរុញតួនាទីរបស់ប្រទេសសិង្ហបុរី ឱ្យក្លាយជាទីកន្លែងប្រគុំតន្រ្តីកម្សាន្តបន្តផ្ទាល់ ដ៏រីកចម្រើនក្នុងរយៈពេលវែង»។
លោកបានថ្លែងទៀតថា៖ «លើសពីនេះទៀត ពួកគេក៏បង្កើតកេរ្តិ៍ឈ្មោះរបស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលព្រឹត្តិការណ៍ដ៏រស់រវើកក្នុងគ្រា ដែលមានការវិនិយោគជាបន្ត និងការខិតខំប្រឹងប្រែងពង្រីកអាជីវកម្ម និងសេវាកម្សាន្តជាច្រើន ដែលនឹងទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលទេសចរណ៍ជាលំដាប់»។
យោងតាមកាសែត CNA អ្នកស្រី Yun Liu សេដ្ឋវិទូមកពីធនាគារ HSBC បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសសិង្ហបុរី «ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លាស់ប្តូរវដ្តពាណិជ្ជកម្ម» បន្ទាប់ពីសេដ្ឋកិច្ចបានកើនឡើង ១,១ភាគរយក្នុងឆ្នាំ២០២៣។
អ្នកស្រី Liu បានមានប្រសាសន៍ថា៖ «យើងរំពឹងថា កំណើនសេដ្ឋកិច្ចនៅត្រីមាសទី១ ឆ្នាំ២០២៤ នឹងកើនឡើង ៣.៣% ធៀបនឹងឆ្នាំមុន ដែលជំរុញដោយការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុងផលិតកម្មឧស្សាហកម្ម»។ អ្នកស្រីបានបន្ថែមថា សេវាកម្មពាក់ព័ន្ធនឹងការធ្វើដំណើរនឹងបន្តផ្តល់ការគាំទ្រដែលត្រូវការជាចាំបាច់។
អ្នកស្រី Liu បានបន្ថែមថា ជាពិសេស «តន្ត្រីទេសចរណ៍ដែលទើបនឹងកើតមានឡើងថ្មីនេះ» នឹងចាក់បញ្ចូលកត្តាជំរុញដល់សេដ្ឋកិច្ច ដោយផ្តល់អត្ថប្រយោជន៍ដល់វិស័យពាក់ព័ន្ធនឹងការធ្វើដំណើរ រួមមានការហោះហើរ ការស្នាក់នៅ ការលក់រាយ និងអាហារនិងភេសជ្ជៈ៕