(សិង្ហបុរី)៖ ក្រុមហ៊ុនអារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ដែលជាក្រុមហ៊ុននាំចេញប្រេងឆៅ លំដាប់កំពូលរបស់ពិភពលោក គ្រោងនឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅប្រភេទ Arab Heavy ដល់អតិថិជនៅអាស៊ី ដែលមានកិច្ចសន្យាចែកចាយប្រេងឆៅក្នុងខែមេសា ដោយសារការថែទាំអណ្តូងប្រេង នេះបើយោងតាមប្រភពពីរដែលបានដឹងពីបញ្ហានេះកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពមួយ ក្នុងចំណោមប្រភពខាងលើកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតប្រេង Saudi Aramco នឹងនៅតែរក្សាការផ្គត់ផ្គង់ប្រេងឆៅ ប្រភេទផ្សេងទៀត សម្រាប់ការចែកចាយក្នុងខែមេសា ក្រៅពីប្រេងឆៅប្រភេទ Arab Heavy។

ការកាត់បន្ថយនេះ កើតឡើងបន្ទាប់ពីអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរួមគ្នាហៅថា OPEC+ បានសម្រេចចិត្តនៅដើមខែនេះ បន្តកាត់បន្ថយទិន្នផលប្រេងឆៅដោយស្ម័គ្រចិត្តចំនួន ២,២ លានបារ៉ែលក្នុងមួយថ្ងៃនៅត្រីមាសទីពីរជាបន្តទៀត។

ក្រុមហ៊ុន Saudi Aramco បានជូនដំណឹងដល់អតិថិជននៅអាស៊ី អំពីការកាត់បន្ថយការចែកចាយប្រេងឆៅក្នុ ងខែមេសារបស់ពួកគេប៉ុន្មានថ្ងៃបន្ទាប់ ពីការចេញផ្សាយតម្លៃលក់ជាផ្លូវការសម្រាប់ខែមេសា។ ក្រុមហ៊ុនផលិតប្រេងនេះ បានដំឡើងថ្លៃដោយមិននឹកស្មានដល់សម្រាប់ប្រេងឆៅប្រភេទកម្រិតធ្ងន់ក្នុងខែមេសា ដែលកាត់បន្ថយគម្លាតតម្លៃជាមួយនឹងប្រេងឆៅ ប្រភេទកម្រិតស្រាល។

ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើការផ្គត់ផ្គង់ប្រេងឆៅប្រភេទកម្រិតធ្ងន់ របស់អារ៉ាប់ (Arab Heavy) នឹងត្រូវកាត់បន្ថយប៉ុន្មាន ហើយតើអណ្តឹងប្រេងឆៅណាមួយ នឹងត្រូវបិទដំណើរការសម្រាប់ការថែទាំនេះ៕