(ភ្នំពេញ)៖ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បញ្ហាប្រឈមដែល SME កម្ពុជា ជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការចំណាយថ្លៃដើមខ្ពស់ ជាឧបសគ្គ ធ្វើឱ្យពិបាកប្រកួតប្រជែងទីផ្សារ ជាពិសេសជាមួយប្រទេសជិតខាង។
លោកលើកឡើងបែបនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» ដែលរៀបចំឡើងដោយក្លឹប អ្នកកាសែតកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។
លោកបានលើកឡើងបន្ថែមថា ទោះបីជាថ្លៃអគ្គិសនី មិនរួមចំណែកទៅក្នុងថ្លៃដើមថ្លៃច្រើនក៏ដោយ ក៏ប៉ុន្តែបើធៀបជាមួយនឹងប្រទេសផ្សេងៗ ថ្លៃដើមក៏នៅតែខ្ពស់។ ជាមួយគ្នានេះ វត្ថុធាតុដើមមួយចំនួន គឺនាំចូលពីក្រៅប្រទេស និងរៀនពីបច្ចេកទេសផលិតពីអ្នកជំនាញរបស់គេ ហេតុនេះហើយសហគ្រាសក្នុងស្រុកពិបាកនឹងមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយគេណាស់។
ទន្ទឹមគ្នានេះ អ្នកផលិតរបស់កម្ពុជា មិនបានស្វែងយល់ច្រើនទាក់ទងនឹងប្រភេទនៃសារធាតុគីមីថាមួយណាអាចប្រើប្រាស់បាន និងមានកម្រិតនៃផលប៉ះពាល់កម្រិតណា ដោយភាគច្រើនអនុវត្តបច្ចេកទេស ពីអ្នកជំនាញពីប្រទេសជិតខាង។
លោកគូសបញ្ជាក់ថា សម្រាប់ករណីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស ដល់ផលិតករ និងម្ចាស់សហគ្រាសនៅកម្ពុជា ដើម្បីបង្កើនជំនាញផលិតរបស់ពួកគេ។
លោកលើកឡើងទៀតថា ដើម្បីឱ្យមានថ្លៃដើមទាប ទាមទារឱ្យមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងស្នើឱ្យមានការកែប្រព័ន្ធអភិបាលកិច្ចឱ្យបានលឿន ដើម្បីជួយទៅដល់ SME កម្ពុជា៕