(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យកសិករដាំស្វាយចន្ទីខ្នាតតូចចងក្រងគ្នាជា «សហគមន៍កសិកម្មទំនើប» ដើម្បីធ្វើឱ្យដំណើរការមុខរបរដាំស្វាយចន្ទីលក្ខណៈខ្នាតតូចរបស់កសិករមានលំនឹង ដាំដុះតាមស្តង់ដារ និងទទួលបានផលចំណេញ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងយ៉ាងដូច្នេះ ស្របពេលដែលនៅដើមរដូវនៃការប្រមូលផលស្វាយចន្ទីនៅឆ្នាំនេះ បានតម្លៃគ្រាប់ស្វាយចន្ទីស្រស់បានធ្លាក់ចុះជាងឆ្នាំមុន ពោលគឺធ្លាក់ចុះពីជាង៥ពាន់រៀល មកជាង៤ពាន់រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករខ្នាតតូចរងការខាតបង់ និងមានអ្នកចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ថ្លៃនេះ។ ហើយជាមួយគ្នា ពួកគាត់ពិបាកនឹងមានលទ្ធភាពក្នុងការហាលគ្រាប់ចន្ទីស្តុករង់ចាំលក់ពេលឡើងថ្លៃ។

លោក ឃឹម ហ្វីណង់ បានព្យល់ថា អ្នកដាំស្វាយចន្ទីមួយចំនួន ដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារ គឺពិតជាអាចប្រឈមមុខនឹងការខាតបង់ពិតមែន ដោយសារភាគច្រើនពួកគាត់នៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលបានទិន្នផលទាប និងមានការខ្វះខាតទុន ដែលបង្ខំឱ្យពួកគាត់ព្រមទទួលកម្ចីទិញធាតុចូលដែលមានការប្រាក់ខ្ពស់។

លោកបន្ថែមថា «បើបូកផ្សំកត្តាទាំងអស់នេះចូលគ្នា ប្រាកដណាស់ដែលថាពួកគាត់ពិតជាកំពុងស្ថិតនៅកៀកនឹងបន្ទាត់ចំណេញខាត សម្រាប់ថ្លៃ៤៥០០រៀលក្នុងមួយគីឡូនេះ»

លោកបន្តថា កត្តាថ្លៃតែមួយមុខពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ ហើយនៅមានកត្តាគុណភាពនៃគ្រាប់ស្វាយចន្ទីមួយទៀត ដែលធ្វើឱ្យអ្នកដាំជាលក្ខណៈគ្រួសារ លក់មិនសូវបានថ្លៃ ដូចអ្នកដាំស្តង់ដានោះទេ។

លោកលើកឡើងទៀតថា ការធ្លាក់ចុះនៃថ្លៃស្វាយចន្ទីពិតជាបានប៉ះពាល់ដល់ទឹកចិត្ត និងការរំពឹងទុករបស់កសិករតូចៗ។ កសិករប្រភេទនេះអាចជួបការលំបាកមុនគេ និងងាយរងសម្ពាធខ្លាំងជាងគេ ហើយក៏មិនមានលទ្ធភាពយកគ្រាប់ស្វាយចន្ទីទៅសម្ងួតទុកដើម្បីរង់ចាំថ្លៃល្អមកវិញដែរ ព្រោះពួកគាត់គ្មានទុនបង្វិលនោះទេ។ តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញផងដែរ។ នេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និងតែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយ។

លោក ឃឹម ហ្វីណង់ បានផ្តល់ជាដំណោះស្រាយ ក្នុងការជួយឱ្យកសិករខ្នាតតូចមិនរងការខាតបង់ គឺ ជម្រើសល្អបំផុតមួយ សម្រាប់អ្នកដែលទន់ខ្សោយ និងដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប គឺការពិចារណារួមគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីការពារពីហានិភ័យទាំងនេះ។

លោកបានពន្យល់ថា សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាដែលបានលើកឡើងខាងលើ ដោយសារកត្តាមួយចំនួន ដូចជា៖
* ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ
* ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប
* ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ
* ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់
* ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»ដ៏រឹងមាំ។

ទាក់ទងនឹងការធ្លាក់ចុះនៃតម្លៃស្វាយចន្ទីនៅដើមរដូវនេះដែរ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវដល់កសិករ ដែលកំពុងប្រមូលគ្រាប់ស្វាយចន្ទី ឱ្យហាលគ្រាប់ទុកសិន រង់ចាំលក់ពេលតម្លៃប្រសើរឡើងនៅខែកក្កដា ឬកញ្ញាខាងមុខ ដោយសារតម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវនេះ បានធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលទិន្នផលបានឆ្នាំនេះថយចុះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា តម្លៃគ្រាប់ស្វាយចន្ទី នាបច្ចុប្បន្ននេះ បានធ្លាក់ពី ១០%ទៅ ១៥% ខណៈទិន្នផលវិញ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថានឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣៕