(ភ្នំពេញ)៖ ក្នុងនាមវិនិយោគិនម្នាក់ដែលកំពុងវិនិយោគក្នុងវិស័យទេសចរណ៍ ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា បានបង្ហាញមហិច្ឆិតាចង់ឱ្យកម្ពុជាក្លាយជាកន្លែងទេសចរមួយដែលមានសុវត្ថិភាព និងផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលត្រូវបានទទួលស្គាល់ពីភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក។
ឧកញ៉ា ស្រ៊ាត មុំសុភា លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចកម្ពុជា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ» របស់ទូរទស្សន៍ Fresh News។
លោកស្រីបន្តថា នៅពេលកម្ពុជាទទួលស្គាល់ជាកន្លែងទេសចរមួយ ដែលមានសុវត្ថិភាព និងផ្តល់នូវបដិសណ្ឋារកិច្ចល្អ នឹងធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិជ្រើសកម្ពុជា ជាគោលដៅទេសចរណ៍ មិនថាតែគាត់ជ្រើសរើសលក្ខណៈដំណើរកម្សាន្តម្នាក់ឯង (Solo travel), មកជាមួយដៃគូ ឬជាមួយក្រុមគ្រួសារ ឬក៏លក្ខណៈក្រុមហ៊ុន ឬជ្រើសរើសប្រទេសកម្ពុជា ជាកន្លែងប្រកួតវាយកូនហ្គោល ជាកន្លែងរៀបចំកិច្ចប្រជុំធំៗ និងជាកន្លែងរៀបចំកម្មវិធីសប្បុរសធម៌។
លោកស្រីបន្ថែមថា «ទទួលបានលក្ខខណ្ឌទាំងអស់នេះ លុះត្រាតែគេទទួលបានអារម្មណ៍ សុខសុវត្ថិភាព មានទំនុកចិត្តទៅលើការទទួលបដិសណ្ឋារកិច្ចល្អ ដោយមិនចាំបាច់បារម្ភថា ទៅប្រទេសកម្ពុជាបានទាល់តែស្គាល់អ្នកណាម្នាក់នៅទីនោះ។ ហេតុនេះហើយទើបម្នាក់ខិតខំទាំងអស់គ្នា ដើម្បីផ្សព្វផ្សាយទៅលើភ្ញៀវទេសចរ ឱ្យពួកគេសប្បាយចិត្ត នៅពេលដែលពួកគេឮ ឬជ្រើសរើសដំណើរកម្សាន្តមកកម្ពុជា»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា៖