(គួឡាឡាំពួរ)៖ ម៉ាឡេស៊ីកំពុងរំពឹងថា នឹងទទួលបានការវិនិយោគ ពីក្រុមហ៊ុនអូស្ត្រាលី នូវចំនួនទឹកប្រាក់រហូតដល់ ២៤,៥ពាន់លានរីងហ្គីត (៥,១៧ពាន់លានដុល្លារ) នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ដោយស្រង់សេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃពុធបានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសអូស្ត្រាលី ក្នុងសប្តាហ៍នេះថា ប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យអូស្ត្រាលី AirTrunk និងក្រុមហ៊ុន NextDC គ្រោងនឹងចំណាយប្រាក់ប្រហែល ១១ពាន់លានរីងហ្គីត និង ៣ពាន់លានរីងហ្គីតរៀងៗខ្លួន ខណៈដែលក្រុមហ៊ុនរុករករ៉ែ Lynas Rare Earths មានបំណងពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី។ មិនទាន់មានពេលវេលាកំណត់ សម្រាប់ការវិនិយោគទាំងនេះនៅឡើយទេ។
លោក Anwar ត្រូវបានដកស្រង់សម្តីខណៈនិយាយថា ការវិនិយោគដ៏មានសក្ដានុពលទាំងនេះ នឹងបង្កើតការងារសម្រាប់កម្មករជំនាញប្រហែល ១ ២០០ នាក់នៅក្នុងប្រទេសម៉ាឡេស៊ី។
ដោយឡែក លោក Tengku Zafrul Aziz រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី បានប្រាប់ទូរទស្សន៍ CNBC ថា មន្ត្រីរដ្ឋាភិបាលបានជួបជាមួយក្រុមហ៊ុនអូស្ត្រាលីចំនួន២០ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដោយក្នុងនោះក្រុមហ៊ុនចំនួន៨ បានប្តេជ្ញាវិនិយោគទឹកប្រាក់ប្រមាណ ៥,២ពាន់លានដុល្លារអូស្ត្រាលី (៣,៣៨ពាន់លានដុល្លារអាមេរិក) រហូតមកដល់ពេលនេះ។ នេះបើយោងតាមរ៉យទ័យ៕