(បាងកក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅថ្ងៃពុធក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុងបាងកកថា កម្រិតអត្រាការប្រាក់របស់ប្រទេសថៃ មានភាពសមរម្យសម្រាប់ស្ថានភាពបច្ចុប្បន្ន និងមានភាពអព្យាក្រឹត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីរបស់សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំប្រទេសថៃលោក Kiatipong Ariyapruchya ខណថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ប្រទេសអាស៊ីអាគ្នេយ៍ប្រឈមមុខនឹងការធ្លាក់ចុះថ្លៃ ទំនិញខ្លាំងបណ្តោះអាសន្ន ប៉ុន្តែមិនទាន់ក្លាយជាបរិត្តផរណាទេនៅឡើយទេ។ លោកបានបន្ថែមថា វាជារឿងធម្មតាទេ ដែលធនាគារកណ្តាលមានទស្សនៈខុសពីរដ្ឋាភិបាល។

ការអត្ថាធិប្បាយរបស់សេដ្ឋវិទូធនាគារពិភពលោករូបនេះ បានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្រ្តីលោក សេដ្ឋា ថាវីស៊ីន បានទទូចម្តងហើយម្តងទៀតឱ្យធនាគារកណ្តាលថៃ (BOT) កាត់បន្ថយអត្រាការប្រាក់ចំនួន ២៥ពិន្ទុមូលដ្ឋានដោយហេតុផលថា សេដ្ឋកិច្ចស្ថិតក្នុង «វិបត្តិ» តែការទាមទារនេះត្រូវបានច្រានចោលដោយធនាគារកណ្តាលថៃ។

រហូតមកដល់ពេលនេះ ធនាគារកណ្តាលថៃបានទប់ទល់នឹងសម្ពាធរបស់រដ្ឋាភិបាល ដែលទាមទារឱ្យកាត់បន្ថយកអត្រាការប្រាក់ ដែលបច្ចុប្បន្នស្ថិតក្នុងអត្រា ២,៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍។ ធនាគារកណ្តាលនឹងពិនិត្យមើលគោលនយោបាយរបស់ខ្លួន ជាថ្មីនៅថ្ងៃទី១០ ខែមេសា។

លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ បានហៅការខ្វែងគំនិតគ្នាជាមួយរដ្ឋាភិបាលថា ជាភាពតានតឹងដើម្បីផលប្រយោជន៍រួម ដោយអះអាងថា ការកាត់បន្ថយអត្រាការប្រាក់នឹងមិនអាចជួយសេដ្ឋកិច្ចបានច្រើនទេ ដោយសារវាបញ្ហារចនាសម្ព័ន្ធតាំងពីដើមមក។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រចាំខែកុម្ភៈ របស់ថៃបានធ្លាក់ចុះ ០,៧៧ភាគរយដែលជាការធ្លាក់ចុះក្នុងរយៈពេលប្រាំខែជាប់គ្នា។ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕