(ក្រុងប៊ែន)៖ រដ្ឋាភិបាលស្វីសបានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញសព្វាអាវុធរបស់ប្រទេសស្វីស បានធ្លាក់ចុះជាងមួយភាគបួនកាលពីឆ្នាំមុន ដោយក្រុមអ្នករិះគន់បានស្តីបន្ទោសគោលជំហរអព្យាក្រឹត របស់ប្រទេសនេះដែលបានរារាំងការនាំចេញបន្តនូវកាំភ្លើង និងគ្រាប់រំសេវដែលផលិតនៅប្រទេសស្វីស ទៅកាន់ប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ស្ដីរបស់លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) របស់ប្រទេសស្វីសថា ការនាំចេញសម្ភារៈសឹកសង្រ្គាមបានធ្លាក់ចុះ ២៧ភាគរយមកត្រឹម ៦៩៦,៨លានហ្វ្រង់ស្វីស (៧៨៨,០៦លានដុល្លារ) ធ្លាក់ចុះពី ៩៥៥លានហ្វ្រង់ក្នុងឆ្នាំ២០២២។
ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល បានឱ្យដឹងថា ទោះបីជាមានអព្យាក្រឹតភាពយូរអង្វែងក៏ដោយ ក៏ស្វីស គឺជាប្រទេសផ្គត់ផ្គង់សព្វាអាវុធដ៏ធំមួយ ដែលជាប់ចំណាត់ថ្នាក់ទី១៤ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២។
នៅឆ្នាំ២០២៣ ស្វីសបាននាំចេញសម្ភារៈសឹកសង្រ្គាម ទៅកាន់ប្រទេសចំនួន៥៨ ធ្លាក់ចុះពី ៦០ប្រទេសកាលពីឆ្នាំមុន ដោយប្រទេសអាឡឺម៉ង់ជាអតិថិជនធំបំផុត បន្ទាប់មកគឺប្រទេសដាណឺម៉ាក ដែលបានចុះហត្ថលេខាបញ្ជាទិញដ៏ធំសម្រាប់គ្រាប់រំសេវ និងរថពាសដែក។
លេខាធិការដ្ឋាន SECO មិនបានផ្តល់ហេតុផលដែលបង្កឱ្យធ្លាក់ចុះ ការនាំចេញកាលពីឆ្នាំមុនទេ ប៉ុន្តែសមាគមឧស្សាហកម្មស៊្វីស Swissmem បានឱ្យដឹងថា ការហាមប្រាមរបស់ប្រទេសស្វីស លើការនាំចេញអាវុធបន្តជាបុព្វហេតុមួយនៃការធ្លាក់ចុះនេះ។
ស្ថិតក្រោមច្បាប់អព្យាក្រឹតភាពរបស់ស្វីស រដ្ឋាភិបាលទីក្រុងប៊ែន មិនអាចអនុម័តសំណើសម្រាប់ការផ្ទេរសម្ភារៈសឹកសង្រ្គាម ដែលផលិតដោយប្រទេសស្វីស ទៅកាន់ប្រទេសអ៊ុយក្រែនទេ ដរាបណាមានការជាប់ពាក់ព័ន្ធ ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ។
លោក Stefan Brupbacher នាយកសមាគម Swissem បានប្រាប់រ៉យទ័រ មុនការចេញផ្សាយតួលេខនេះថា៖ «ក្រុមហ៊ុនមួយចំនួន បានបាត់បង់ការបញ្ជាទិញដោយសារតែការព្រួយបារម្ភ អំពីបទប្បញ្ញត្តិរបស់ប្រទេសស្វីស ខណៈដែលក្រុមហ៊ុនផ្សេងទៀត កំពុងពិចារណាកាត់បន្ថយការវិនិយោគនៅទីនេះ»៕