(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជំរុញដល់វិនិយោគិន ឧស្សាហករ និងផលិតករ ផលិតទំនិញឱ្យកាន់តែមានគុណភាព និងបង្កើតមុខទំនិញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈពេលអនាគតបារម្ភថានឹងមិនមានទំនិញគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។
លោកមានប្រសាសន៍ថា ស្របពេលបារម្ភថា មិនមានទំនិញគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ ក្រសួងពាណិជ្ជកម្មបានខិតខំជំរុញដល់វិនិយោគិន ឧស្សាហករ ផលិតករ ចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការស្វះស្វែងរកផលិតភាព ផលិតទំនិញថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ហើយមានគុណភាពសមរម្យ អាចលក់ក្នុងតម្លៃប្រកួតប្រជែង បាននៅលើទីផ្សារអន្តរជាតិ។
លោកបានឱ្យដឹងថា នាពេលកន្លងមកក្នុងឱកាសអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅប្រទេសចិន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះអនុស្សារណៈជាមួយក្រុមហ៊ុនដ៏ធំមួយនៅចិន ដើម្បីវិនិយោគលើការបង្កើតសួនឧស្សាហកម្ម ដែលផ្តោតលើទំនិញឧស្សាហកម្មផ្តល់តម្លៃបន្ថែមខ្ពស់ ហេតុនេះហើយកម្ពុជា ហាក់មិនសូវបារម្ភរឿងអត់មានទំនិញលក់ឱ្យគេនោះទេ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មួយខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនដល់ជាង ៤ពាន់លានដុល្លារ កើនឡើង១៦.៩%៕