(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីសមទ្ធិផល ដែលសម្រេចបាន ក្នុងរយៈពេល៦ខែ នៅក្នុងអាណត្ដិទី៧ ដែលទទួលបានផ្លែផ្កាជាច្រើនដ៏ជាទីមោទនៈ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្ដីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម ជាក្រសួងមួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការនាំចេញ-នាំចូល ជំរុញពាណិជ្ជកម្មអន្ដរជាតិ និងជួយអន្ដរាគមន៍គ្រប់គ្រង សម្របសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេស។
បន្ថែមពីនោះទៀត លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក៏មានកិច្ចការគាំទ្រមួយចំនួន លើការជំរុញពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្ដរជាតិ ដែលរួមមាន៖ ការទាក់ទងនឹងការការពារសិទ្ធអ្នកប្រើប្រាស់ ការបង្ក្រាបការក្លែងបន្លំ កិច្ចការប្រកួតប្រជែង ដែលជាកិច្ចការមួយពាក់ព័ន្ធជួយសម្រួលដល់ពាណិជ្ជកម្មក្នុងប្រទេស និងលើកមុខមាត់សម្រាប់អ្នកវិនិយោគ។
បើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ, បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម គឺជាអាណាព្យាបាល សម្រាប់ស្ថាប័នឯកជន ចំនួន២រួមមាន៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងសភាពាណិជ្ជកម្ពុជា។
លោក ប៉ែន សុវិជាតិ បានថ្លែងថា «បើនិយាយពីសមទ្ធិផលលេចធ្លោ បន្ដពីអាណត្តិមុន ក្រៅអំពីការចរចារពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី យើងសង្កេតឃើញថា យើងបានបន្តនៅប្រពៃណីដដែល គឺជំរុញពង្រឹងទីផ្សារចាស់ និងបង្កើតទីផ្សារថ្មីៗ សម្រាប់ទំនិញកម្ពុជា»។
លោក ប៉ែន សុវិជាតិ បានលើកឡើងថា ជាមួយការនាំចេញរបស់កម្ពុជា ស្ថិតនៅក្នុងសភាពមួយ ដែលអាចទទួលបាននូវលទ្ធផលមោទនភាព ក្រសួងរក្សាបាននូវចំនួនទីផ្សារអន្តរជាតិនៅដដែល ហើយបន្ថែមលើនេះនៅក្នុងអាណត្ដិថ្មីនេះ ក្រសួងបានពង្រីកទីផ្សារថ្មីៗថែមទៀត ទៅកាន់មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិកផងដែរ៕