(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងបន្ដខិតខំសម្របសម្រួលតម្លៃលក់រាយប្រេងឥន្ទនៈ និងថ្លៃទំនិញមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចទទួលទិញ យកទៅប្រើប្រាស់បាន។ នេះបើតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងឲ្យដឹងនៅសន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។
លោកបានបន្ដថា ក្រុមការងារតាមដានថ្លៃទំនិញក្នុងអាណត្តិនេះ បានពិភាក្សាលើការវិភាគថ្លៃ កាន់តែលម្អិតទៀត លើទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់បម្រើជីវភាព និងទំនិញយុទ្ធសាស្រ្ដ សម្រាប់បម្រើឧស្សាហកម្មផង និងបម្រើជីវភាពផង ដើម្បីធ្វើយ៉ាងណាលៃលកឲ្យមានប្រេងលក់, មានប្រេងតម្លៃសមរម្យ អាចឲ្យពលរដ្ឋទទួលទិញប្រើប្រាស់បាន ក៏ដូចគ្នាចំពោះទំនិញបម្រើជីវភាពដទៃទៀត គឺយើងខិតខំធ្វើយ៉ាងណា អាចឲ្យពលរដ្ឋទទួលទិញប្រើប្រាស់បាន។
លោក ប៉ែន សុវិជាតិ បានថ្លែងថា «ក្រសួងពាណិជ្ជកម្មនៅតែបន្ដ សម្របសម្រួលចំពោះការលក់រាយប្រេងឥន្ទនៈតាមស្ថានីយ ហើយក្រសួងបានបន្ដរហូតមកដល់ពេលនេះ លើសពីនេះក្រសួងក៏បាន និងកំពុងគិតគូរពិចារណា មើលទៅលើទំនិញយុទ្ធសាស្រ្ដដទៃទៀត (ទំនិញបម្រើជីវភាពប្រចាំថ្ងៃ និងទំនិញយុទ្ធសាស្រ្ដ)»។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្នុងក្របខណ្ឌពាណិជ្ជកម្ម ក្នុងប្រទេសយើងបានធ្វើកិច្ចការសំខាន់ៗទាំងអស់នេះ ដែលជាស្នាដៃនៃអាណតិ្តថ្មី រាប់តាំងពីការចុះអនុស្សរណៈកែច្នៃផលិតផល ក្នុងនោះមានគោលនយោបាយសំខាន់ៗពីរ លើទំនិញសំខាន់ គឺគោលនយោបាយស្វាយចន្ទី និងគោលនយោបាយដំឡូងមី ក៏ត្រូវបានជំរុញអនុវត្តន៍ផងដែរ៕