(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម កម្ពុជា-អន្ដរជាតិ មានការរីកចម្រើនជាលំដាប់ បើទោះបីជាមានវិបត្ដិសង្គ្រាមក្ដី ការបញ្ជាទិញពីកម្ពុជានៅតែមាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ជម្រាបជូនថា ទំនាក់ទំនងកម្ពុជា និងអន្តរជាតិ ជាពិសេសការនាំចេញរបស់យើង នៅក្នុងបណ្ដាប្រទេស RCEP បានស្តែងឡើងនូវទំហំពាណិជ្ជកម្ម ដែលរីកចម្រើនជាលំដាប់»។
លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា «ទោះបីជាមានវិបត្តិសង្គ្រាមក្ដី កម្លាំងទិញថយចុះក្ដី ប៉ុន្តែការបញ្ជាទិញទំនិញកម្ពុជា នៅតែមាននៅឡើយ នៅតែរក្សាបាននូវទំហំនៃការបញ្ជាទិញ អត់មានការថមថយ ទោះបីជាមានការថមថយ ចំពោះមុខទំនិញខ្លះ តែវាទៅកើនលើមុខទំនិញខ្លះទៀត»។
មន្ដ្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងថា កម្ពុជានៅតែប្រទេសលេខ១ ក្នុងការនាំចេញកង់ និងជាប្រទេស នាំចេញគ្រឿងបន្លាស គ្រឿងបង្គុំ ផ្ទាំងសូឡា ទៅកាន់ទីផ្សារអន្តរជាតិ។
ដោយឡែក ចំពោះកិច្ចការសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេសវិញ លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យចុះអនុស្សរណៈរវាងក្រុមហ៊ុនកែច្នៃមួយចំនួន ដើម្បីជំរុញឲ្យទិញកសិផល ដើម្បីយកទៅកែច្នៃ ធ្វើជាចំណីសត្វ និងធ្វើជារបស់របរផលិតផលសម្រេចផ្សេងៗ។
លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា ការចុះអនុស្សរណៈ រវាងក្រុមហ៊ុនកែច្នៃ ជាមួយក្រសួងពាណិជ្ជកម្មបែបនេះ ដើម្បីឲ្យពាណិជ្ជកម្មនៅក្នុងប្រទេសមានដំណើរការល្អ និងកុំឲ្យមានការកកស្ទះទំនិញ កសិផលនៅក្នុងទីផ្សារ។
សូមជម្រាបថា ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែលធ្វើឲ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត១៧%។
ក្នុងខែមករា ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានតម្លៃ ១ ៩៦៧ លានដុល្លារ កើនឡើង២៧% ស្របពេលការនាំចូលមកវិញ មានតម្លៃប្រមាណ ២ ០៩០លានដុល្លារ កើនឡើង ៨.៧%។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា គឺចិន ដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ១.១ពាន់លានដុល្លារ កើនឡើង ១៨.៧% ដោយកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ ១២១លានដុល្លារ កើនឡើង ៥០.១% ខណៈចិននាំចូលវិញក្នុងតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង១៥.១%។
ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានតំហំជាង ៦៧៧លានដុល្លារ កើនឡើង៤១.៥% ដោយកម្ពុជានាំចេញទៅវៀតណាម ក្នុងតម្លៃ៣៧៣លានដុល្លារ កើនឡើង ១១៦.៦% ខណៈវៀតណាមនាំចូលវិញក្នុងតម្លៃជាង ៣០៤លានដុល្លារ ថយចុះ០.៦%។
ចំណែក ការនាំចេញនាំចូលរវាងកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំជាង ៦៤៤លានដុល្លារ កើនឡើង១០.៨% ដោយកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៦២៦លានដុល្លារ កើនឡើង ១១.៤% ខណៈសហរដ្ឋអាមេរិកនាំចូលវិញក្នុងតម្លៃជាង ១៧លានដុល្លារ ថយចុះ៨%។ រួមនឹងប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា សិង្ហបុរី អេស្ប៉ាញ ជាដើម៕